លោក វង់ សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បណ្ដោយ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​កើតឡើង​តាម​អំពើ​ចិត្ត​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​នេះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ ប្រភព​ខ្លះ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ពួកគេ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែលមាន​ទំនាក់​ទំនងជា​ប្រព័ន្ធ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​ដដែល​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ មាន​រថយន្ត​យី​ឌុប​ដឹកឈើ​១​គ្រឿង​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឃាត់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧៦​ចំណុច​ជិត​អូរ​ទេ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានតែ​មួយស្របក់​ប៉ុណ្ណោះ​ក៏​ដោះលែង​វិញ ដែល​ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​មើលរំលង​នោះទេ​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​ឈើ​ជន្លង់ម្រេច​ត្រូវបាន​គេ​កាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​នៅក្នុង​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែឧសភា​នោះ មាន​ដឹកឈើ​ជន្លង់ម្រេច​ប្រមាណ​៣០​ម៉ែត្រគូប​។ ប៉ុន្តែ​ប្រហែល​ដោយសារ​ម្ចាស់​រថយន្ត​ដឹកឈើ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពី​ក្រោយខ្នង ឬ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ធំៗ​ក្នុង​ខេត្តមណ្ឌលគិរី ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដោះលែង​វិញ​ក្រោយពេល​ចាប់បាន​តែមួយ​ស្របក់​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​ព្រៃឈើ​ក្នុង​ខេត្ត​នេះ ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ឡើយ​ព្រោះ​សូម្បីតែ​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ដែន​ជម្រក​សត្វ ក៏ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ​៕

Pic64លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី