សូ ណារ៉ូ ថា​អាច​​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ឆាប់ៗ

ភ្នំពេញៈ អតីតទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកបានព្រមានថាលោក កឹម សុខា នឹងប្រឈមការចាប់ខ្លួនដោយប្រាប់ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិរូបនេះថាពេលវេលារបស់គាត់ «គឺជាពេលវេលាខ្លី»។

លោក សូ ណារ៉ូ អតីតនិពន្ធនាយកកាសែត និងជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តីបានថ្លឹងថ្លែងលើវិបត្តិនយោបាយក្នុងឃ្លីបវីដេអូដែលទើបតែបង្ហោះនាពេលថ្មីៗនេះលើគណនីហ្វេសប៊ុករបស់លោក។ ក្នុងឃ្លីបនោះលោកបានថ្លែងទៅកាន់លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិថាត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ក្នុងការទប់ទល់នឹងគណបក្សប្រជាជនដែលកំពុងកាន់អំណាច និងដែលកំពុងប្រើអំណាចរដ្ឋមកលុបបំបាត់គណបក្សប្រឆាំង។

លោក ណារ៉ូ ជឿជាក់ថាលោកនាយករដ្ឋមន្រ្តីកំពុងព្យាយាមលុបបំបាត់លោក កឹម សុខា ដោយប្រើអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក ឱម យ៉ិនទៀង អតីតទីប្រឹក្សាម្នាក់ទៀតរបស់លោកនាយករដ្ឋមន្ត្រី។ លោក ណារ៉ូ បានបន្ថែមថាលោកបានដឹងតាំងពីចេញផ្សាយសំឡេងលោក កឹម សុខា និង ស្រីមុំ ដោយគ្មានប្រភពច្បាស់លាស់ដែលលោកចាត់ទុកថាការចេញផ្សាយនេះគឺខុសច្បាប់ដោយលួចថតសំឡេងលោក កឹម សុខា ដើម្បីបំផ្លាញប្រជាប្រិយភាពរបស់លោក កឹម សុខា។ លោកបញ្ជាក់ថា៖ «លោក ឱម យ៉ិនទៀង កំពុងជាប់រវល់… ក្នុងរឿងក្តីប្រឆាំងនឹងលោក កឹម សុខា ដូច្នេះ លោក កឹម សុខា ជិតអស់សេរីភាពហើយ…គេនឹងឃុំគាត់នៅពេលណាមួយ»។

សូ ណារ៉ូ ថា​អាច​​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ឆាប់ៗ

លោក កឹម សុខា ជួបជាមួយអ្នកគាំទ្រនៅខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ។ រូបថត ហ្វេសប៊ុក

លោក ណារ៉ូ បានចំអកថា៖ «តាមពិតថ្មីៗនេះលោក ឱម យ៉ិនទៀង បានលើកឡើងថាលោកធ្វើការភ្លេចបាយភ្លេចទឹកដើម្បីទៅចាប់មេឃុំនៃគណបក្ស សម រង្ស៊ី ពាក់ព័ន្ធនឹងប្រាក់ ៥០០ ដុល្លារ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយធ្វើការសកម្មក្នុងការបម្រើជាតិបែបនេះមិនដឹងថាប្រទេសជាតិយើងជឿនលឿនយ៉ាងណាទេ»។

លោកចង្អុលបង្ហាញថាប្រាក់រាប់លានដុល្លារពាក់ព័ន្ធនឹងអំពើពុករលួយការកាប់បំផ្លាញព្រៃឈើប្រាក់រាប់លានដុល្លារពាក់ព័ន្ធនឹងអំពើពុករលួយក្នុងក្រសួងនេះក្រសួងនោះគឺមានច្រើនណាស់ប៉ុន្តែគ្មានអង្គភាពប្រឆាំងអំពើពុករលួយជាប់រវល់ធ្វើកិច្ចការច្រើនទាំងនេះទេ។ លោកបញ្ជាក់ថា៖ «ដូច្នេះ [គណបក្សសង្គ្រោះជាតិ] ត្រូវតស៊ូដោយអហិង្សាហើយត្រូវទៅពន្ធនាគារទាំងអស់គ្នា។ នេះគឺពិភពលោកនឹងជួយយើង។ ឥឡូវនេះសាលក្រមឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារហើយបន្តិចទៀតលោក កឹម សុខា នឹងទៅជាប់ពន្ធនាគារហើយចំនួនច្រើនថែមទៀត និងអ្នកផ្សេងទៀត…»។

ប៉ុន្មានសប្តាហ៍ថ្មីៗនេះអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ផ្តើមស៊ើបអង្កេតលើបញ្ហាសេ្នហារវាងលោក កឹម សុខា និងស្រ្តីអ៊ុតសក់អាយុ ២៤ ឆ្នាំ គឺនាង ខុម ចាន់តារ៉ាទី ដែលនាងម្នាក់នេះដំបូងឡើយបានបដិសេធថាពុំមានទំនាក់ទំនងជាមួយនឹងលោក កឹម សុខា ទេ។ នៅពេលក្រោយមកនាងបានប្រែក្រឡាស់វិញថានាងជាស្រីកំណាន់របស់លោក កឹម សុខា ហើយបានចោទសមាជិកសង្គមស៊ីវិលជាច្រើននាក់ និងក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងដែលឥឡូវនេះត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីហើយត្រូវបានបញ្ជូនទៅឃុំខ្លួន។

ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យលោក កឹម សុខា មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងរឿងអាស្រូវនេះទេដោយលោកនិយាយថាទោះបីជាមាន «ព្យុះធំ» មកលើគណបក្សសង្គ្រោះជាតិក៏លោកនឹងនៅតែបន្តនៅជាមួយនឹងអ្នកគាំទ្រ។

លោក ឱម យ៉ិនទៀង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោក ណារ៉ូ មិនដែលកោតសរសើររដ្ឋាភិបាលទេដូច្នេះជារឿងធម្មតាសម្រាប់អ្នកប្រឆាំង។ នៅពេលសួរថាតើលោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួនឬអត់ លោក ឥសាន ថ្លែងថាជាសមត្ថកិច្ចរបស់តុលាការ។ «ប្រសិនបើលោក កឹម សុខា ប្រព្រឹត្តបទល្មើស ឬមានពិរុទ្ធភាព តុលាការនឹងចាត់វិធានការតាមច្បាប់»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍