តារា​សម្ដែង​ ជុំ ស៊ីថា ព្យាយាម​លាក់​៣​ឆ្នាំ មិន​ឲ្យ​គេ​ដឹង​លោក​ជា​ប៉ូលីស​ចរាចរណ៍

សប្ដាហ៍​មុន Sabay បាន​ចុះ​ផ្សាយ​អត្ថបទ​មន្ទិល​ចំពោះ​​តារា​សម្ដែង​ “ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត?”។ ថ្មី​ៗ​នេះ ក្រុម​ការងារ​យើង​បាន​ចុះ​មកជួប​​ដល់​កន្លែងផ្ទាល់​ ហើយ​លោកបាន​បញ្ជាក់ផ្ទាល់​មាត់​ថា​លោក​ពិតជា​ប៉ូលិស​ពិត​ប្រាកដ​មែន ដោយ​បាន​ចូល​បម្រើ​ការងារ​៣​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​ព្យាយាម​លាក់​មិន​ឲ្យ​គេ​ដឹង​ឡើយ ដោយ​ទើប​តែ​បើក​ចំហរ​នា​រយៈ​ពេល​ចុង​ក្រោយ​ប៉ុណ្ណោះ។

 

សម្រាប់​មូលហេតុ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា លោក​មាន​អារម្មណ៍​ខ្មាស់​អៀន ស្រប​នឹង​ឃើញ​ប្រជាពលរដ្ឋយើង​មួយ​ចំនួន​ មិន​ចូល​ចិត្ត​ប៉ូលិស​ចរាចរណ៍​ផង។ លោក​ឲ្យ​ដឹង​ទៀត​ថា ឆ្លង​តាម​រយៈ​ការងារ៣​ឆ្នាំ​នេះ​ លោក​​​បាន​ជួប​ទាំង​អ្នក​ដែល​យល់​​ពីច្បាប់ និង​​​អ្នក​ដំណើរ​​មិន​យល់​ពី​ច្បាប់ចរាចរណ៍​ ថែម​ទាំង​ពេល​ខ្លះ​ប្រើ​សម្ដី​មិន​សមរម្យ​មក​លើ​ពួក​លោក​ទៀត​។

 

“ការ​ចុះ​អនុវត្ត​ច្បាប់ ឬ​ជួយ​សម្រួល​ចរាចរណ៍​មាន​ផល​លំបាក​ច្រើន ​ជាពិសេស​ខែនេះ​អា​កាសធាតុ​ក្ដៅ និង​មាន​បងប្អូន​ខ្លះ​យល់​ច្បាប់​ចរាចរណ៍ តែ​បែរ​ជា​មក​​​មាក់ងាយ​ប៉ូលិស​វិញ តែ​ក៏​មាន​បងប្អូន​ខ្លះ​គេ​យល់​ដឹង​ដែរ។”

 

តារា​សម្ដែង​ ជុំ ស៊ីថា ព្យាយាម​លាក់​៣​ឆ្នាំ មិន​ឲ្យ​គេ​ដឹង​លោក​ជា​ប៉ូលីស​ចរាចរណ៍

 

លោក​បន្ត​ទៀត​ថា​បើ​ទោះ​ជា​ជួប​ការ​លំបាក​ច្រើន​លោក​ក៏​មិន​បោះបង់​អាជីព​មួយ​នេះ​ដែរ ព្រោះ​ជា​ក្ដី​ស្រមៃ​តាំងពី​ក្មេង និង​ចង់​ជួយ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់។ លោក​ក៏​សំណូម​ពរ​ថា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់។ ម្យ៉ាង​វិញ​ទៀត​សូម​កុំ​ស្អប់​ប៉ូលិស​ចរាចរណ៍​ទាំងអស់​អី ព្រោះ​មាន​អ្នក​ល្អ​ច្រើនជាង​អ្នក​អាក្រក់៕

 

 

អត្ថបទ៖ទ្រី រ៉ាវី