សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​

សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​



ភ្នំពេញ ​៖ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦ និង​បាន​បញ្ជាក់​ថា សារព័ត៌មាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច និង​លើកកម្ពស់​តម្លាភាព​នៅ​ក្នុង​កិច្ចការ​សាធារណៈ ហើយ​អាច​ប្រើប្រាស់​ជា​ឧបករណ៍ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យ​ភាព​ផង​ដែរ​។​

លោកស្រី Federica Mogherini បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា ថ្ងៃនេះ​យើង​ទាំង​អស់​គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។

នៅ​ក្នុង​ឱកាស​នៃ​ខួប​លើក​ទី​២៥ នៃ​សេចក្ដីប្រកាស​ទីក្រុង Windhoek នេះ សហភាព​អឺរ៉ុប​សូម​ធ្វើការ​រំឭក​ឡើងវិញ​នូវ​គោលការណ៍ ​ដែល​បាន​ចែងថា “​ការ​បង្កើត ការ​ថែរក្សា និង​ការ​ជំរុញ​ឲ្យ​មាន​សារព័ត៌មាន​ប្រកប ដោយ​ឯករាជ្យ​ភាព ពហុ​និយម និង​សេរីភាព គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ និង​ថែរក្សា​លទ្ធិប្រជា​ធិបតេយ្យ​នៅក្នុង​ប្រទេស​មួយ និង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ប្រទេស​នោះ​ផង​ដែរ​”។​

លោកស្រី Federica Mogherini លើកឡើង​ទៀត​ថា សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​រួមមាន ​សេរីភាព​ស្រាវជ្រាវ ទទួល និង​ផលិត​ព័ត៌មាន។ សិទ្ធិ​នេះ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​អភិបាលកិច្ច និង​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។

មនុស្ស​ត្រូវការ​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ដើម្បី​អាច​បង្កើត​គំនិត និង​ចូលរួម​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ខ្លួន។

សេរីភាព​សារព័ត៌មាន ក៏​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច និង​លើកកម្ពស់​តម្លាភាព​នៅ​ក្នុង​កិច្ចការ​សាធារណៈ ហើយ​អាច​ប្រើប្រាស់​ជា​ឧបករណ៍​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​មាន​គណនេយ្យ​ភាព ចំពោះ​សកម្មភាព​របស់ខ្លួន​ផងដែរ ជាពិសេស​នៅពេលដែល​ការ​ទទួល​បាន​ព័ត៌មាន​ដែល​ជួយ​បង្ហាញ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​នោះ​។

ការធានា​ឲ្យ​មានការ​ទទួលបាន​ព័ត៌មាន​អាច​ជួយ​លើកកម្ពស់​យុត្តិធម៌ និង​ស្ដារ​ស្ថានភាព​ឡើងវិញ ជាពិសេស​បន្ទាប់ពី​រយៈ​ពេល​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

លោកស្រី Federica Mogherini អះអាង​ថា សហភាព​អឺរ៉ុប​ប្ដេជ្ញា​បន្ត​លើកកម្ពស់ និង​ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទូទាំង​ពិភពលោក គឺ​មិន​ត្រឹមតែ​នៅ​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត ព្រមទាំង​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មានវិទ្យា​ផ្សេងៗ​ទៀត​ផង​ដែរ ដូចដែល​បាន​គូស​បញ្ជាក់​នៅក្នុង​សេចក្តីអនុម័ត​កាលពី​ឆ្នាំ​២០១៤ ទៅលើ​គោលការណ៍​ណែនាំ ​ស្ដីពី​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ទាំង​នៅក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ អ៊ីនធឺណិត​ផង​ដែរ។​

ជាមួយគ្នា​នោះ ​លោកស្រី Federica Mogherini បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​ចំពោះ​អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​បុគ្គល​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក នៅពេលដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញមតិ​ទាំង​នៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត ហើយ​ក្រៅពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទូទៅ​ សហភាព​អឺរ៉ុប​ប្ដេជ្ញា​ប្រឆាំងនឹង​ច្បាប់ ​ក៏ដូចជា​ការ​អនុវត្ត​ទាំង​ឡាយ​ដែល​ដាក់​ការត្រួតពិនិត្យ​ទៅលើ​ការ​បោះពុម្ពផ្សាយ​ជំរុញ​ឲ្យ​មាន​ស្វ័យ​ត្រួតពិនិត្យ​ទៅលើ​ការ​បោះពុម្ពផ្សាយ ឬ​ធ្វើ​ការ​ពិន័យ​ផ្លូវច្បាប់ រួម​ទាំង​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និង​រដ្ឋបាល ក៏​ដូចជា​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ការប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ​នូវ​អំណាច​ទីផ្សារ ​ក៏ដូចជា​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិនល្អ​ផ្សេងៗ​ទៀត​ផង​ដែរ។​

សហភាព​អឺរ៉ុប​សូមបញ្ជាក់​ជំហរ​របស់​ខ្លួន​ជាថ្មី​ថា នឹង​ប្ដេជ្ញា​ចិត្ត​លើកកម្ពស់ និង​គាំទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឲ្យ​ក្លាយ​ជា​សិទ្ធិ​ដែល​ទាំងអស់​គ្នា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ស្របតាម​គោលការណ៍​សមភាព ការ​មិន​រើសអើង និង​ភាពជា​សកល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាក៏ដោយ និង​ដោយ​គ្មាន​ព្រំដែន​ឡើយ​៕
សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​

សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​