គ្រូពេទ្យ​ដែល​ជួយ​ក្រុម​CIA​តាមដាន​Osama bin Laden​(មេដឹកនាំ​អាល់កៃដា​) បែរ​ជា​នៅ​បន្ត​ជាប់​ពន្ធនាគារ​

បើតាមក្រុមអ្នកគាំទ្ររបស់វេជ្ជបណ្ឌិតឈ្មោះ Shakil Afridi ពួកគេបានអះអាងនៅក្នុងឱកាសខួបលើកទី៥នៃការសម្លាប់មេដឹកនាំក្រុមអាល់កៃដា Osama bin Laden ថា សហរដ្ឋអាមេរិកបានបោះបង់លោកគ្រូពេទ្យឲ្យនៅបន្តជាប់ពន្ធនាគារនៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីលោកគ្រូពេទ្យនេះបានជួយសហរដ្ឋអាមេរិកតាមដាន Osama bin Laden រហូតឈានទៅអាចសម្លាប់មេដឹកនាំក្រុមអាល់កៃដូរូបនេះបាន។

លោកគ្រូពេទ្យ Shaki Afridi ត្រូវបានមន្ត្រីអាមេរិកចាត់ទុកជាវីរបុរស បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងក្លែងក្លាយរបស់លោក បានអនុញ្ញាតឲ្យក្រុមCIA អាចកំណត់បាននូវទីតាំងរបស់មេដឹកនាំអាល់កៃដា និងឈានទៅដល់ការវាយលុកចូលទីតាំងរបស់ក្រុមនេះនៅក្នុងខែឧសភាឆ្នាំ២០១១ ដែលធ្វើឲ្យកក្រើកក្នុងពិភពលោក។ ប៉ុន្តែប្រតិបត្តិការវាយលុកនោះបានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាតនៅពេលនោះមានភាពមិនសូវល្អ។
លោក Afridiត្រូវបានចាប់ខ្លួននៅក្នុងខែ កក្កដា ឆ្នាំ២០១១ ដោយមានការលាតត្រដាងថា CIA បានរៀបចំនូវយុទ្ធនាការក្លែងក្លាយក្នុងផ្ដល់នូវវ៉ាក់សាំង នៅក្នុងតំបន់ដែលគេជឿថា Bin Laden កំពុងរស់នៅ ក្នុងគោលបំណងទទួលបាននូវគំរូDNA របស់សមាជិកគ្រួសារBin Laden។

លោកQamar Nadeem ដែលជាមេធាវីរបស់លោក Afridi បានលើកឡើងថា សេចក្ដីសង្ឃឹមរបស់កូនក្ដីលោកក្នុងការទទួលបានការដោះលែងឲ្យបានឆាប់នោះ គឺជាសម្ពាធសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែរយៈកាលកន្លងមកសហរដ្ឋអាមេរិកមិនបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងជួយលោក Afridiនោះទេ ហើយលោក Afridi នៅតែបន្តជាប់ពន្ធនាគារទៀត។

គួរបញ្ជាក់ថា លោក Afridi ត្រូវបានកាត់ទោសកាលពីឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ ពីបទដែលបានជួយដល់ក្រុមអ៊ីស្លាមដែលត្រូវបានហាមឃាត់ឈ្មោះ Lashkar-e-Islam ប៉ុន្តែក្រោយមកនៅខែ សីហា ឆ្នាំ ២០១៣ សេចក្ដីសម្រេចខាងលើត្រូវបានបដិសេធវិញ ដោយសារតែភាពមិនប្រក្រតីក្នុងនីតិវិធី និងការបង្គាប់ឲ្យមានការកាត់ទោសសារឡើងវិញ។ យ៉ាងណាក៏ដោយនៅ៣ខែបន្ទាប់ លោកត្រូវបានគេចោទប្រកាន់ម្ដងទៀតពីបទឃាតកម្មដែលមានពាក់ព័ន្ធនឹងអ្នកជំងឺដែលលោកបានព្យាបាលកាលពី៨ឆ្នាំមុន។

តាមពិតទៅ សហរដ្ឋអាមេរិកធ្លាប់យកចិត្តទុកដាក់ចំពោះបញ្ហាការជាប់ពន្ធនាគាររបស់លោក Afridi ដែរ ប៉ុន្តែបន្ទាប់ពីត្រូវធ្វើការចរចាស្វែងរកសន្តិភាពជាមួយក្រុមតា លីបង់ អាហ្វហ្គានីស្ថាន ដោយមានប្រទេសប៉ាគីស្ថានជាដៃគូសំខាន់នោះ សហរដ្ឋអាមេរិកជៀសវាងមិនលើកយកបញ្ហានេះមកនិយាយទៀតទេ។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • គ្រូពេទ្យ​ដែល​ជួយ​ក្រុម​CIA​តាមដាន​Osama bin Laden​(មេដឹកនាំ​អាល់កៃដា​) បែរ​ជា​នៅ​បន្ត​ជាប់​ពន្ធនាគារ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: