ជើង​ខ្លាំង​រូប​វិទ្យា ភី សុជាតិ ត្រៀម​ខ្លួន​ជា​ស្រេច​ដណ្ដើម​មេដាយ​នៅ​ហុងកុង

ជើង​ខ្លាំង​រូប​វិទ្យា ភី សុជាតិ ត្រៀម​ខ្លួន​ជា​ស្រេច​ដណ្ដើម​មេដាយ​នៅ​ហុងកុង
 

ខេត្ត​តាកែវ​ឆ្នាំ​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​សិស្ស​ពូកែ​ទូទាំង​ប្រទេស ២នាក់​ផ្នែក​រូប​វិទ្យា។ ក្នុង​ចំណោម​នោះ ម្ចាស់​ជយលាភី​លេខ៤ ភី សុជាតិ និង​ជា​បេក្ខភាព​ចូល​រួម​ប្រលង​ជ្រើសរើស​អ្នក​វិទ្យាសាស្ត្រ​អូឡាំព្យាដ​អន្តរជាតិ​​តំបន់​អាស៊ី​លើក​ទី១៧ បាន​បញ្ជាក់​ថា ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ដណ្ដើម​មេដាយ​នៅ​ហុងកុង។ ​

 

ជើង​ខ្លាំង​រូប​វិទ្យា ភី សុជាតិ ត្រៀម​ខ្លួន​ជា​ស្រេច​ដណ្ដើម​មេដាយ​នៅ​ហុងកុងភី សុជាតិ រូប​ពាក់​អាវ​ពណ៌​ទឹក​ប៊ិច

 

ជើង​ខ្លាំង​រូប​វិទ្យា ភី សុជាតិ ជា​សិស្ស​ថ្នាក់​ទី១២ នៃ​វិទ្យាល័យ​ហ៊ុនសែន​អង្គរបុរី នឹង​ចូល​រួម​ប្រលង​ជ្រើសរើស​អ្នក​វិទ្យាសាស្ត្រ​អូឡាំព្យាដ​អន្តរជាតិ​​នៅ​ទីក្រុង​ហុងកុង ចាប់​ពីថ្ងៃទី១ ដល់​ថ្ងៃ​ទី ៩ខែឧសភា២០១៦។ មុន​ពេល​ចាកចេញ​ពី​មាតុប្រទេស យុវសិស្ស​​រូប​នេះ​បាន​និយាយ​ថា៖ ”ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការ​ប្រកួត​រូបវិទ្យា​អូឡាំព្យាដ​តំបន់​អាស៊ី។ ខ្ញុំ​ស្រលាញ់​រូបវិទ្យា… រូបវិទ្យា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​ពី​ធម្មជាតិ”។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ភី សុផាតិ ត្រូវ​ជា​ឪពុក ភី សុជាតិ និង​ជា​គ្រូ​បង្រៀន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​មុន​ទៅ​ប្រកួត​រូបវិទ្យា​អូឡាំព្យាដ ក្រសួង​អប់រំ​បាន​ហៅ សុជាតិ ព្រម​ទាំង​បេក្ខជន​តាម​បណ្តា​ខេត្ត ៤នាក់​ទៀត​ហ្វឹកហ្វឺន​បន្ថែម​លើ​វិញ្ញាសា​រូបវិទ្យា​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥មក។ ទោះ​យ៉ាងណា​អំឡុង​ពេល​ស្នាក់នៅ​ភ្នំពេញ​ច្រើន​ខែ សុជាតិ ក៏​មិន​ភ្លេច​ទៅ​រៀន​គួរ​មុខ​វិជ្ជា​ផ្សេង​ទៀត​រួម​មាន គណិតវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​ដើម្បី​ត្រៀម​ប្រលង​បាក់ឌុប​នៅ​ពេល​ខាង​មុខ។

 

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​ប្រលង​ជ្រើសរើស​អ្នក​វិទ្យាសាស្ត្រ​អូឡាំព្យាដ​អន្តរជាតិ (AphO) នេះ ជា​ការ​ប្រលង​ប្រជែង​សមត្ថភាព​ផ្នែក​រូបវិទ្យា​កម្រិត​សិស្ស​វិទ្យាល័យ​តាម​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី។ ឆ្នាំ​នេះ ជា​លើក​ទី១៧ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ហុងកុង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ទីក្រុង​ហុងកុង(HKUST)៕

 

មាន​ពាក្យពេចន៍​អ្វីខ្លះ​ជូនពរ​គាត់?

 

អត្ថបទ៖ ជិន​ វេន
រូបភាព៖ ផ្ដល់ឲ្យ