CDC​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន​45​គម្រោង មាន​ទឹកប្រាក់​ជាង​1​ប៊ី​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​1

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៤៥​គម្រោង (​រួម​បញ្ចូល​ទាំង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​២​គម្រោង​) ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១.០០៧​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត​៥​ម៉ឺន​កន្លែង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

តាម​សេចក្តី​ប្រកាស​នេះ​គូសបញ្ជាក់​ថា នៅ​ក្នុង​គម្រោង​ទាំងនោះ​បាន​បែងចែក​តាម​វិស័យ ក្នុង​នោះ​ឧស្សាហកម្ម​ចំនួន​៣៦​គម្រោង ទេសចរណ៍​៥​គម្រោង កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម​៣​គម្រោង និង​ហេដ្ឋារចនាសម្ព័ន្ធ​១​គម្រោង​។ ចំពោះ​គម្រោង​វិនិយោគ​ទាំងនេះ វិនិយោគិន​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​១ (៥៨,៨% នៃ​ដើមទុន​វិនិយោគ​សរុប​) បន្ទាប់​មក​គឺ​វិនិយោគិន​ចិន ស្ថិត​នៅ​លំដាប់​ទី​២ និង​វិនិយោគិន​ជប៉ុន ស្ថិត​នៅ​លំដាប់​ទី​៣ ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « នេះ​គឺជា​រឿង​ល្អ​ដែល​មាន​វិនិយោគិន​មក​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា វិនិយោគិន​នៅ​ក្នុងស្រុក​មាន​កម្រិត​ខ្លាំងក្លា​ជាង​វិនិយោគិន​មក​ពី​ខាងក្រៅ​ប្រទេស មាន​ន័យ​ថា វិនិយោគិន​ក្នុងស្រុក​មាន​លទ្ធភាព និង​តួនាទី​សំខាន់​ជាង​នា​ពេល​កន្លង​ទៅ » ។

ដោយសារ​តែ​កម្ពុជា​មានបទពិសោធន៍​ផ្នែក​ទំនាក់ទំនង​ការ​បរទេស​ល្អ​ដូច​ជា ចិន ជប៉ុន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ហើយ​កម្ពុជា​មាន​ស្ថិរភាព សន្ដិសុខ ក៏​ដូច​ជា​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល​សម្រាប់​បរទេស បាន​ធ្វើ​ឲ្យ​គេ​មាន​ទំនុកចិត្ត ទើប​កម្ពុជា​ក្លាយជា​ក្រសែភ្នែក​ក្នុង​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​រូប​នេះ​បាន​លើក​ឡើង​ថា ៖ « កន្លង​មក បើ​តាម​ខ្ញុំ​បានដឹង រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល​ចិន និង​ជប៉ុន ក៏​ធ្លាប់​បាន​ចុះ​អនុស្សរណៈ​យោគយល់​រវាង​គ្នា​និង​គ្នា​ផង​ដែរ គឺ​ឲ្យ​កម្ពុជា​គាំពារ​នូវ​ផលប្រយោជន៍​នៃ​ការ​វិនិយោគ​របស់​ពួក​គេ នៅ​ពេល​ដែល​វិនិយោគិន​នៃ​ប្រទេស​ទាំងនោះ​ចូល​មក​រកស៊ី​នៅ​កម្ពុជា ដោយ​​ផ្តល់​នូវ​ការ​ការពារ និង​យកចិត្តទុកដាក់​ឲ្យ​ដូច​គ្នា​នឹង​វិនិយោគិន​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​វិនិយោគិន​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ។ ម្យ៉ាងទៀត ដោយ​មាន​ទីផ្សារ​ធំ​ទូលាយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០, កម្លាំង​ពលកម្ម​ធូរ​ថ្លៃ​នៅឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​, កម្ពុជា​នៅ​មាន​ផ្សារ​ដែល​គេ​បើកចំហ​ឲ្យ​នៅឡើយ​ដូច​ជា នៅ​សហគមន៍​អឺរ៉ុប ចិន និង​ជប៉ុន ។​ល​។ អ៊ីចឹង​ហើយ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត យើង​នៅ​មានឱកាស​ល្អ​អាច​ពង្រឹង​វិស័យ​ឧស្សាហកម្ម​ធុន​កណ្តាល និង​ធុន​ធ្ងន់​បាន​។ លើស​ពី​នេះ​ទៀត ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថិរភាព នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ បើ​ទោះបី​ការ​ឃោសនាបោះឆ្នោត​មានការ​រំខាន​បន្តិចបន្ដួច​ក្តី ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ឲ្យ​តែ​យើង​រក្សា​ស្ថិរភាព​បាន » ។

លោក​បន្ដ​ថា ៖ « កន្លង​មក កម្ពុជា​មានការ​វិនិយោគ​តែ​ទៅ​លើ​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ​បាន​វិនិយោគ​ខាង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ ដែល​នេះ​ជា​ការ​អបអរ​មួយ និង​អាច​ឆ្លើយ​តប​នឹង​គោលនយោបាយ​ឧស្សាហកម្ម​ដែល​ទើបតែ​ចេញ​បាន​១​ឆ្នាំ ។ ម្យ៉ាងទៀត ដោយសារ​ប្រទេស​យើង​មានឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិឧស្សាហកម្ម វិស័យ​ទេសចរណ៍ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​នោះ​ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន​៣.៤០០​ក្រុមហ៊ុន​, ចិន​មាន​ចំនួន​១.០៥៥​ក្រុមហ៊ុន​, កូរ៉េ​ខាងត្បូង​មាន​ចំនួន​២៧៨​ក្រុមហ៊ុន​, ជប៉ុន​មាន​ចំនួន​២៥០​ក្រុមហ៊ុន​, ម៉ា​ឡេ​ស៊ី​មាន​ចំនួន​១៩៣​ក្រុមហ៊ុន​, វៀតណាម​មាន​ចំនួន​១៨៦​ក្រុមហ៊ុន​, ថៃ​មាន​ចំនួន​១៧៩​ក្រុមហ៊ុន​, បារាំង​មាន​ចំនួន​៩៤​ក្រុមហ៊ុន​, សហរដ្ឋអាមេរិក​មាន​ចំនួន​៩៣​ក្រុមហ៊ុន​, អូស្ត្រាលី​មាន​ចំនួន​៧៣​ក្រុមហ៊ុន និង​អង់គ្លេស​មាន​ចំនួន​៦៤​ក្រុមហ៊ុន ។

ក្នុង​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​របស់​កម្ពុជា មានទឹក​ប្រមាណ​៨,៩៩​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​តម្លៃ​១១,៥៤​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង កង់ អង្ករ កៅស៊ូ ពោត ដំឡូង​មី ស្ករស ម្រេច ។ រីឯ​ទំនិញ​នាំ​ចូល​ដូច​ជា វត្ថុធាតុដើម​ក្នុង​វិស័យ​កាត់ដេរ គ្រឿងសំណង់ ប្រេងឥន្ធនៈ យានយន្ត គ្រឿងសម្អាង និង​ឱសថ​បរិក្ខារ​ពេទ្យ និង​គ្រឿងយន្ត​កសិកម្ម ជាដើម ។ ដោយឡែក ការ​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​២០,៥៣​ប៊ី​លាន​ដុល្លារ​កើនឡើង​ជាង​១៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់ ៕