ហួសចិត្ត​រឿង​មន្ត្រី​ជំនាញ​ខេត្តពោធិ៍សាត់ បង្ក្រាប​ឡ​ដុត​ធ្យូង​តែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​សម្ដែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​សហការគ្នា​ចុះបង្ក្រាប​ឡ​ដុត​ធ្យូង​ខុសច្បាប់​ក្នុងស្រុក​ក្រគរ ចំនួន​១០​កន្លែង​។ ដោយហេតុថា សព្វថ្ងៃនេះ​ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​បន្ត​កាប់​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ក្រគរ យ៉ាង​អនាធិបតេយ្យ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​គ្រាន់តែ​ប្រជាពលរដ្ឋ​ធ្វើ​ឡ​ដុត​ធ្យូង​លក់​ដើម្បី​បាន​ប្រាក់ចំណូល​តិចតួច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​សោះ បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធភាព​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ឈើ​តុំ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឈើ​តុំ បាន​សហការ​ចុះបង្ក្រាប​ឡធ្យូង​១០​កន្លែង​នៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ក្លា​ព្រោះ​ករណី​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ មិនដែល​ឃើញ​មន្ត្រីរ​ដ​បាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​ទាល់តែសោះ​។ ជាងនេះទៅទៀត​ករណី​អ្នកមាន​លុយ អ្នកមានអំណាច កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក ក៏​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

​ប្រភពពី​មន្ត្រី​សាល​ខេត្តពោធិ៍សាត់ បាន​រិះគន់ថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​ខេត្តពោធិ៍សាត់ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត ទើប​ពុំមាន​សមត្ថកិច្ច​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បែរជា​ធ្វើ​សកម្មភាព​បង្ក្រាប​ឡ​ដុត​ធ្យូង​នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ដើម្បី​បិទបាំង​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ទៅវិញ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផងដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ណា​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

mao-thonin_973x615លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់