ប្រជាពលរដ្ឋ​ ប្រតិកម្ម​ទៅ​នឹង​ក្រុម​ឡាន​ដឹក​ដី​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​​

ប្រជាពលរដ្ឋ​ ប្រតិកម្ម​ទៅ​នឹង​ក្រុម​ឡាន​ដឹក​ដី​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​កសិក​រ ភូមិ​អំពិល ភូមិ​អង្គ​បឹង​ចក ​និង​ភូមិ​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​រណ្ដៅ​ដី​ ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ ចំពោះ​ក្រុម​រថយន្ត​ដឹក​ដី​និង​រណ្ដៅ​ដី​ដ៏​សែន​ជ្រៅ បង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​អ្នកភូមិ ដោយបាន​ដឹក​ដី បើក​ឆ្លងកាត់​ភូមិដ្ឋាន​របស់​ពួកគាត់ មិនបាន​ស្រោច​ទឹក រថយន្ត​ក៏​បើកបរ​លឿន មិន​កោតក្រែង មិន​គោរព​សិទ្ធ​អ្នកដទៃ រណ្ដៅ​ដី​ទៀតសោត ក៏មាន​ជម្រៅ​ជ្រៅ នៅ​ជាប់​ភូមិ​ពួកគាត់ ប្រឈមមុខ​ទៅ​នឹង​ការ​ធ្លាក់​សត្វ​ពាហនៈ​របស់​ពលរដ្ឋ​ញឹកញាប់ ហើយ​ទង្វើ​របស់​ក្រុម​អ្នក​រកស៊ី ជីក​ដី កាប់ ដឹក​ដី ពុំ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ខាង​ណា​អើពើ​ឡើយ ទោះជា​ពលរដ្ឋ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ក៏ដោយ ក៏​គ្មាន​ប្រសិទ្ធភាព​ចុះ​មក​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ តាំងពី​ថ្នាក់​ភូមិ ​រហូតដល់​ថ្នាក់​ខណ្ឌ​ គឺ​គេ​ចុះ​មក​រកតែ​លាភសក្ការៈ​ប៉ុណ្ណោះ ​តើ​ឲ្យ​ពលរដ្ឋ​សង្ឃឹម​អ្នកណា​ទៅ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រណ្ដៅ​ដី​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់គាត់​មានដូចជា​ថៅកែ លី ​គឹម​ហេង ​និង​ឈ្មោះ ​ត្រា ហើយ​មួយ​រយៈ​នេះ​គេ​ឃើញ​រណ្តៅ​ដី​ប​របស់​ថៅកែ លី គឹម​ហេង ត្រូវបាន​អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​លោក ហែម ដា​រិ​ទ្ធ ជា​គណៈ​អភិបាល បាន​បញ្ជា​ឲ្យ​បិទ​ក្នុង​ហេតុផល​អត់​បង់លុយ តែ​ឃើញ​នៅ​មាន​រណ្តៅ​ដី របស់​ថៅកែ ឈ្មោះ ត្រា នៅ​បន្ត​ជីក​យ៉ាង​សស្រាក់សស្រាំ រថយន្ត​ដឹក​ដី បើកបរ ព្រោងព្រាត មិន​ទាំង​រវល់​ស្រោច​ទឹក​ផ្លូវ​ទៀតផង បង្ក​ឲ្យ​ហុយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។

ពលរដ្ឋ​បន្ដ​ទៀត​ថា ថ្វីបើ​សកម្មភាព ការ​កាប់​ជីក ដី របស់​លោក​ថៅកែ លី គឹម​ហេង ត្រូវ​បាន​មេការ​អះអាង​ថា ជា​ខ្សែ​វល្លិរបស់អភិបាលក្រុង ហើយ​ត្រូវបានលោក​ ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ ហៅ​មេការ ហៅ​តំណាង​ឲ្យ​ផ្តិតមេដៃ សូម​ឲ្យ​ផ្អាកកាប់ ជីក ក៏ដោយ តែ​រណ្តៅ​ដីរបស់លោក ត្រា ​វិញ​នៅ​ក្បែរ​នោះ នៅតែ​បន្ត​ជីក ដឹក យ៉ាង​រំភើយ​ដដែល ហើយ​រថយន្ត​ដឹក​ដី​ទាំងនោះ បើក​លឿនៗ ក្នុង​ភូមិ ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ ខ្លាច​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ​ព្រោះ​រថយន្ត​បើកបរ​ឆ្លងកាត់​ក្នុង​ភូមិ ហើយ​មិន​រវល់​ស្រោច​ទឹក​ផ្លូវ រីឯ​រណ្តៅ ជីក​កាន់តែ​ជ្រៅ ពលរដ្ឋ​កាន់តែ​ភ័យ​ខ្លាច ធ្លាក់គោ សត្វ​ពាហនៈ ខណៈ​រណ្តៅ កាប់​ជីក​ជាប់​ភូមិ ហើយ​គ្មានរបង​ការពារទៀត​នោះ។​

ម្យ៉ាងទៀត​ រណ្ដៅ​នៅ​ក្នុង​ដី​ក្រុង​ តាមច្បាប់​គេ​មិន​ឲ្យ​ជីក​ជ្រៅ​នោះ​ទេ​ គេ​ឲ្យ​ជីក​ត្រឹម​ពី​៥​ទៅ​៦​ម៉ែត្រ​ប៉ុណ្ណោះ ​តែ​ក្រុម​ថៅកែ​ទាំងនោះ​វិញ​ បាន​ជីក​ជ្រៅ​រហូតដល់​ពី​២០ ​ទៅ​៣០​ម៉ែត្រ​ និង​កន្លែង​ខ្លះ​វា​ជ្រៅ​រហូតដល់​ឃើញ​ក្បាល​ប្រេត​ទៀត​ផង ​ហើយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​អ្វី​ទាំងអស់​ ឲ្យ​តែ​បាន​ចំណេញ​ ចំពោះ​អាជ្ញាធរ​ក្រុង ក៏​ដូច​ជា​ថ្នាក់​ខណ្ឌ​វិញ​ ក៏​មិន​រវល់​អ្វី​ដែរ​ ឲ្យ​តែ​គេ​បង់លុយ​ឲ្យ​ គឺ​អ្វីៗ​ត្រឹមត្រូវ​ទាំងអស់​៕
ប្រជាពលរដ្ឋ​ ប្រតិកម្ម​ទៅ​នឹង​ក្រុម​ឡាន​ដឹក​ដី​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​​

ប្រជាពលរដ្ឋ​ ប្រតិកម្ម​ទៅ​នឹង​ក្រុម​ឡាន​ដឹក​ដី​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​​