ការ​នាំ​ចេញ​ស្បែក​សត្វ​របស់​ឥណ្ឌា​ធ្លាក់​ចុះ​ក្រោម​ទឹកប្រាក់​6​ប៊ី​លាន​ដុល្លារ

ប្រទេស​ឥណ្ឌា ៖ ឥណ្ឌា​បាន​ខកខាន​គោលដៅ​នាំ​ចេញ​របស់​ខ្លួន​ក្នុង​ទឹកប្រាក់​ចំនួន​៦,២៥​ប៊ី​លាន​ដុល្លារ​ទៅ​លើ​ផលិតផល​ស្បែក និង​ស្បែក​សត្វ​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ។
បើ​គិត​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៥ រហូត​ដល់​ខែមីនា ឆ្នាំ​២០១៦ ការ​នាំ​ចេញ​ផលិតផល​ស្បែក​សត្វ និង​ស្បែក​សត្វ​របស់​ឥណ្ឌា ស្មើនឹង​ទឹកប្រាក់​ចំនួន​៥,៩២​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មាន​ទឹកប្រាក់​៦,៥៨​ប៊ី​លាន​ដុល្លារ ដែល​នេះ​ជា​កំណើន​អវិជ្ជមាន​ក្នុង​អត្រា​១០,១១% ។ ការ​បង្អង់​ល្បឿន​នេះ គឺ​បន្ទាប់​ពី​ការ​នាំ​ចេញ​ស្បែក​មាន​អត្រា​២១% និង​ផលិតផល​ស្បែកជើង​មាន​អត្រា​២០,៨៨% ។

សម្រាប់​ទីផ្សារ​ក្នុងស្រុក ការ​លក់​ផលិតផល​ស្បែក​សត្វ និង​ស្បែក​សត្វ ស្មើនឹង​ទឹកប្រាក់​ជិត​៦​ប៊ី​លាន​ដុល្លារ ។

លោក Rafeeque Ahmed អ្នក​ប្រឹក្សា​របស់​អគ្គនាយក​នាំ​ចេញ​ស្បែក​សត្វ បាន​ថ្លែង​ថា ៖ « ការ​នាំ​ចេញ​របស់​យើង​បាន​រង​នូវ​ភាព​រង្គោះរង្គើ ដោយសារ​តែ​ការ​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រាក់​អឺ​រ៉ូ ការ​ឡើង​ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ និង​ការ​ដំឡើង​ពន្ធ​អាករ ជាដើម » ។

លោក​បន្ត​ថា ៖ « ប្រសិនបើ​សកម្មភាព​ផលិតកម្ម​របស់​ចិន​ចុះ​ខ្សោយ ការ​នាំ​ចេញ​ស្បែក​សត្វ​របស់​យើង​នឹង​ធ្លាក់​ចុះ​ខ្លាំង​ទៅ​តាម​នោះ​ដែរ​។ ការ​នាំ​ចេញ​នូវ​ផលិតផល​ស្បែក​សត្វ បាន​ធ្លាក់​ចុះ​រហូត​ដល់​៧%​ឯណោះ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ធំ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ គឺ​ដោយសារ​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​អឺ​រ៉ូ តម្លៃ​វត្ថុធាតុដើម​ចាប់ផ្តើម​កើនឡើង និង​ត្រូវ​បា​នប​ដិ​សេ​ដ​ដោយ​សហគមន៍​អ៊ឺ​រ៉ុ​ប ។ ម្យ៉ាងវិញទៀត ពួក​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ស្លូ​វ៉ា​គូ និង​រូ​ម៉ា​នី ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន » ។

គួរ​បញ្ជាក់​ថា ឥណ្ឌា​បាន​នាំ​ចេញ​នូវ​ទំនិញ​របស់​ខ្លួន​ជិត​៦០% ទៅ​កាន់​សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ ចក្រភព​អង់គ្លេស អុ​ី​តា​លី បារាំង ហុងកុង និង​អេ​ស្ប៉ា​ញ ខណៈ​ដែល​ការ​នាំ​ចេញ​របស់​ឥណ្ឌា​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​១១% រហូត​ដល់​ខែមករា ឆ្នាំ​២០១៦ ដែល​នេះ​ជា​តំបន់​អវិជ្ជមាន​សម្រាប់​ប្រទេស​ដទៃ​ទៀត ៕