ហេតុ​អ្វី​មនុស្ស​​ចាស់ ​ត្រូវ​ប្រយ័ត្ន​ខ្លាច​ក្មេងៗ​សើច​ចម្អក ​និង​ដៀល​ត្មះ ​?

សម្រាប់​ជាតិ​សាសន៍​ចម្លែក​ណា​​ដទៃ​ណា ​ខ្ញុំ​មិន​ដឹង​ឡើយ​ ប៉ុន្តែ​សម្រាប់​ជាតិ​ខ្មែរ​ តាំង​ពី​ដើម​រៀង​មក​ ចាប់​តាំង​ពី​នគរ​ខ្មែរ​បាន​កសាង​នូវ​អរិយធម៌​សម្រាប់​ប្រជាជាតិ​ខ្លួន​ឯង​រួច​មក​ ការ​លើក​តម្កើង​តម្លៃ​មនុស្ស​ជាតិ​ និង​ធម្មជាតិ​ជា​អាទិភាព​ គឺ​ត្រូវ​បាន​កើត​ឡើង​ដើម្បី​តម្កល់​ទុក​សម្រាប់​ប្រតិបត្តិ​​កូន​ត​ចៅ​នៃ​អម្បូរ​មនុស្ស​ខ្មែរ​គ្រប់​ជំនាន់​ ។ តាំង​ពី​ដើម​​រៀង​មក ​មនុស្ស​ខ្មែរ​តែង​ប្រកាន់​ខ្ជាប់​នូវ​វ​ប្បធម៌​ឋានានុ​ក្រម​ជាប់​ជានិច្ច ​។ ក្មេង​គោរព​ចាស់​ ចាស់​ប្រោស​ប្រណី​ និង​បង្រៀន​ប្រៀន​ប្រដៅ​ទាំង​វិ​ជ្ជា​ផ្លូវ​លោកីយ ​និង​វិជ្ជា​លោកុត្ត​រដល់​ក្មេង​វិញ​ ។ 
ប្រសិន​បើ​យើង ​ក្រឡេក​ទៅ​មើល​អតីត​កាល ​​កាល​ពី​ជាង១,០០០​ឆ្នាំ​មុន​ មនុស្ស​ចាស់​នៅ​ក្នុង​នគរ​ខ្មែរ​ពី​ខាង​ដើម ​គឺ​ជា​បុគ្គល​ដែល​មាន​ការ​ចេះ​ដឹង​ជ្រៅ​ជ្រះ ​ជា​មនុស្ស​ដែល​មាន​ចិត្ត​នឹង​នរ ​និង​គួរ​ជាទី​​គោរព​ប្រណិបត្តិ ​ព្រោះ​តែ​អានុភាព ​និង​តេ​ជានុ​ភាព​នៃ​មនុស្ស​ចាស់​ទាំង​អស់​នោះ​ មិន​ទោះ​ថា​ពួក​គាត់​ជា​អ្នក​នយោបាយ ​មេភូមិ ​ចៅ​ទី​ស្រុក​ ចៅ​ទី​ខេត្ត ​មាតា​បិតា​ ជីដូន​ជីតា​ គ្រូ​អាចារ្យ ​ឬ​ព្រះ​មហាក្សត្រ​ឡើយ ​។ សម្រាប់​ខ្មែរ​កាល​ពី​ខាង​ដើម​ កម្រ​មាន​មនុស្ស​ចាស់​ណា​​ដែល​មិន​ចេះ​ដឹង​ ដើរ​លេង​ប៉ោឡែ ​ឬ​សាប​ព្រោះ​នូវ​វប្បធម៌​អកុសល​ដល់​សង្គម​ខ្មែរ ​នាំ​ឱ្យ​ក្មេង​ៗសើច​ចម្អក​ណាស់ ។​ ដូច្នេះ​ហើយ​ទើប​មនុស្ស​ចាស់​ភាគ​ច្រើន​នៅ​ក្នុង​​​ប្រទេស​ខ្មែរ​នា​សម័យ​កាល​ពី​ខាង​ដើម ​ត្រូវ​បាន​ទទួល​ការ​គោរព​បូជា​ពី​មនុស្ស​ផង​ទាំង​ពួង​ រហូត​ដល់​ស្ថាប័ន​ព្រះ​មហាក្សត្រ​ឯណោះ​ ។ រហូត​ដល់​ខ្មែរ​បាន​បង្កើត​សព្ទ ​សម្រាប់​ហៅ​មនុស្ស​ចាស់​របស់​ខ្មែរ​ដែល​ចេះ​ដឹង​ទាំង​អស់​នោះ​ថា​ជា៖ ​ចាស់​ព្រឹទ្ធា​ចារ្យ​ថែម​ទៀត​ផង​ ហើយ​​ពាក្យ​​នេះ​វា​បាន​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។
ព្រោះ​ដ្បិត​តែ​ក្មេង​ៗគ្នា​នៅ​មាន​ឈាម​រាវ ​មិន​ទាន់​ឃើញ​ពិភព​លោក​ឱ្យ​លម្អិត​នៅ​ឡើយ​ ពួក​គេ​ត្រូវ​ទទួល​កា​រ​អប់រំ ​និង​ទូន្មាន​ច្រើន​ ដូច្នេះ​ហើយ​ទើប​ចាស់​ព្រឹទ្ធា​ចារ្យ​ទាំង​ឡាយ​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ភារកិច្ច​នេះ ​​ដើម្បី​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ៗរបស់​ខ្លួន​ ហើយ​ពួក​គាត់​ត្រូវ​តែ​សាប​ព្រោះ​នូវ​អរិយធម៌​ដែល​នគរ​ខ្មែរ​បាន​រៀប​ចំ​តម្កល់​ទុក​ជា​ក្បួន​សាស្រ្តា​សម្រាប់​បង្រៀន​ ។ អរិយវិជ្ជា​ និង​ក្បួន-​ច្បាប់​ទាំង​នោះ​ ដែល​បាន​ចង​ក្រង​ទុក​នៅ​ក្នុង​គម្ពីរ​​ស្លឹក​រឹត ​មាន​ច្រើន​អនេក​ណាស់ ​ប៉ុន្តែ​វា​ត្រូវ​បាន​បរទេស​លួច​បំផ្លាញ​អស់​ជា​ច្រើន​ ។ ទោះ​យ៉ាង​នេះ​ក្ដី ​ខ្មែរ​គ្រប់​សម័យ​កាល​តែ​ង​តែ​ពឹង​អាស្រ័យ​ទៅ​លើ​ចាស់​ព្រឹទ្ធាចារ្យ ​និង​ស្ដាប់​តាម​ការ​ចង្អុល​បង្ហាញ​របស់​ចាស់​ៗព្រឹទ្ធាចារ្យ​ជាប់​ជានិច្ច​ ព្រោះ​ចាស់ៗ​កាល​ពី​សម័យ​ដើម​និយាយ​ប្រាប់​មិន​ដែល​ខុស​ឡើយ​ បើ​ថា​ថ្ងៃ ​ថ្ងៃ​នឹង​រះ​ បើ​ថា​ភ្លៀង​ ភ្លៀង​នឹង​បង្អុរ​ចុះ​មក​ជា​ដើម ​ព្រោះ​ពួក​គាត់​គឺ​ជា​បុគ្គល​មាន​សីល​ និង​ប្រកប​ដោយ​សច្ចធម៌ ​រ​ហូត​ដល់​មាន​ពាក្យ​​មួយ​ឃ្លា​គេ​បាន​និយាយ​តៗ​គ្នា​ថា​៖ “បើ​មិន​ជឿចាស់​ នឹង​ស្រឡះ​ដៃ​ធេង​” ទៀត​ផង ​។ 
សរុប​មក​ ខ្មែរ​តែង​គោរព​ និង​ឱ្យ​តម្លៃ​ដល់​មនុស្ស​ចាស់​ទាំង​ឡាយ​ គឺ​ព្រោះ​តែ​ហេតុ​ផល​យ៉ាង​សង្ខេប​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ឯង ​។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ចាស់ៗ​ទាំង​ឡាយ​នៅ​ក្នុង​នគ​រ​ខ្មែរ ​តែង​តែ​រំ​​ឭក​ដាស់​តឿន​ដល់​ខ្លួន​ឯង​កុំ​ឱ្យ​ភ្លាំង​ភ្លាត់​ដាច់​សីល ​ក្បត់​សច្ចៈ ​ផ្ដល់​ធម៌​ខុស​ពី​គន្លង​សម្មុទ្ធ ​ឬ​និយាយ​លេង​ប៉ប៉ាច់ប៉ប៉ោច​ឥត​ប្រយោជន៍​ ឬ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ កុំ​វាយ​គ្នា ​កុំ​ដៀល​ត្មះ​គ្នា​ កុំ​ច្រណែន​ឈ្នានីស​គ្នា​ មិន​ត្រូវ​កាប់​ស​ម្លាប់​ ឬ​រំលោភ​បំពាន​គ្នា​ជា​ដើម​ ជានិច្ច​ជា​កាល​ ។ ព្រោះ​អំពើអកុសលទាំងអស់នេះ វាគឺជាធាតុរបស់ជនគ្មានធម៌ ជាធាតុរបស់បុគ្គលអវិជ្ជា ឬជនមានធាតុជា-តិរច្ឆានក្នុងកំណើតពីខាងដើម ឬជនចាស់ និស្ស័យជាកូនក្មេងជាដើម ។ ប្រសិនជាមនុស្សចាស់ទាំងឡាយដើរខុសពីគន្លងត្រឹមត្រូវក្នុងភាពជាចាស់​ព្រឹទ្ធា​ចារ្យ​នោះ ​គឹ​ក្មេងៗ ​និង​អ្នក​ផង​ទាំង​ឡាយ ​គេ​នឹង​សើច​ចម្អក ​ដៀល​ត្មះ​ដល់​កេរ្តិ៍​អាស្រូវ ​ឬ​ដាក់​បណ្ដា​សារ​ដល់​ពូជ​ផង​ក៏​មាន​ (តែ​ករណី​អកុសល​ទាំង​នេះ​កម្រ​មាន​ណាស់​ នៅ​ក្នុង​អតីត​កាល​នៃ​សង្គម​ជាតិ​ខ្មែរ ​ប៉ុន្តែ​វា​បែរ​ជា​មក​សម្បូរ​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទៅ​វិញ)​ ។ ​ដូច្នេះ​ ក្នុង​ដំណាក់​កាល​មាន​វ័​យ​ជា​មនុស្ស​ចាស់​ គេ​​ត្រូវ​តែ​ធ្វើ​ជា​គម្រូ​ល្អ ​និង​ជាទី​ពឹង​ដ៏​ប្រសើរ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ៗរបស់​ខ្លួន​ ។ ឧទាហរណ៍​ដូច​ជា​៖ លោក​តា​ ក​ម្រង៉ុយ,​ សម្ដេច​ព្រះ​សង្ឃ​រាជ្យ​ជួន ​ណាត,​ហួត​ តាត​, និល​ ទៀង​, លោក​តា​ក្រឡា​ហោម​គ​ង់​, ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២, ​និង​លោក​តា ​កុល ​ផេង​ជា​ដើម ៕​
ហេតុ​អ្វី​មនុស្ស​​ចាស់ ​ត្រូវ​ប្រយ័ត្ន​ខ្លាច​ក្មេងៗ​សើច​ចម្អក ​និង​ដៀល​ត្មះ ​?

ដោយ៖ ឈូក ស