ផ្ដន្ទាទោស​អតីត​បុគ្គលិក​អង្គការ​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​ ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ

ផ្ដន្ទាទោស​អតីត​បុគ្គលិក​អង្គការ​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​ ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ



ភ្នំពេញ ​៖​ លោកស្រី យ៉េត ម៉ូ​លីន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​អង្គការ KKEV​ម្នាក់ ដាក់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ។ លោកស្រី​ចៅក្រម បញ្ជាក់​ថា ជនជាប់ចោទ​មាន​សិទ្ធិ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល មួយ​ខែ ប្រសិនបើ​មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​នេះ។

មន្ត្រី​ពន្ធនាគារ ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ​ទន់ ស៊ីណា អាយុ​៣៦​ឆ្នាំ ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បរិវេណ ទីតាំង​អង្គការ ស្ថិតនៅ​ក្នុង​ភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ រៀន និង​ស្នាក់​នៅ​ក្នុង​អង្គការ​ជាមួយគ្នា។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខណៈ​ កុមារី​រងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង អង្គការ ពេលនោះ​ជនជាប់ចោទ​បាន​ដើរមក​ជិត​ក្មេង ស្រី​រួច​ងក់ក្បាល​៣​ដង​ដាក់​នាង។ ក្មេងស្រី ងឿងឆ្ងល់​នឹង​ទង្វើ​របស់​ជន​នោះ​ក៏​ដើរ តាម​សួរនាំ​រហូតដល់​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍។

ពេល​ឃើញ​ឱកាស​ល្អ​ជនសង្ស័យ​បាន​ចាប់ នាង​ឱប រួច​និយាយ​លួងលោម​ថា “​ស្រឡាញ់​ប៉ា​ឬទេ​” តែ​នាង​ពុំបាន​ឆ្លើយ តប​ឡើយ។ បន្ទាប់មក​ជនសង្ស័យ​ក៏ បាន​នាំ​កុមារី​រងគ្រោះ​ឡើង​ទៅ​បន្ទប់ របស់​គេ ​រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច។ លុះដល់​ពេល​រសៀល​ក្រោយ​កើតហេតុ ក្មេងស្រី​រងគ្រោះ​ក៏បាន​និយាយ​រឿងនេះ ប្រាប់​អ្នកគ្រូ​របស់​នាង​ឈ្មោះ ម៉ែន សុគន្ធា ហើយ​អ្នកគ្រូ​ក៏​បាន​មក​រាយការណ៍​រឿង នេះ​ប្រាប់​លោកស្រី ឡេង ប៊ុណ្ណា ប្រធាន អង្គការ​ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​មក​ចាប់ខ្លួន​សន្តិសុខ រូប​នោះ​តែម្ដង៕