ភ្ញាក់ផ្អើលខ្លាំង ក្រោយពេលទារកម្នាក់ ចាប់កំណើតមក មានរូបរាងដូច នាងមច្ឆា នៅក្នុងរឿងកុន

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ជាពិសេសនៅក្នុង ប្រទេសឥណ្ឌា បន្ទាប់ពីមានទារកម្នាក់ កើតមកមានរូបរាងដូចជា នាងមច្ឆា ដែលយើងធ្លាប់តែឃើញនៅក្នុង រឿងកុនអីចឹងឯង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកដ៏ចម្លែកនេះ ត្រូវបានប្រសូត្រចេញពីផ្ទៃម្តាយ វ័យក្មេងម្នាក់ ដែលមានអាយុ ២២ឆ្នាំ មកពីតំបន់ Sahranpur នៃរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននេះ ដោយក្នុងនោះទារកបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែរូបគេ ចាប់កំណើតមកជាមួយ នឹងអាការៈដ៏កម្រម្យ៉ាង ដែលធ្វើឲ្យរូបរាងរបស់គេ មើលទៅគឺពិតដូចជា នាងមច្ឆា។ 

ជាអកុសល ប្រហែលជា១០នាទី ក្រោយពីទារកដែលមានរូបរាង និងអាការៈចម្លែកនេះ ត្រូវបានបង្កើតមក រូបគេក៏បានបាត់បង់ជីវិតទៅវិញ ដែលបង្កឲ្យមានភាពសោកស្តាយយ៉ាងខ្លាំង ជាពិសេសគឺសម្រាប់ គ្រួសារទារកផ្ទាល់តែម្តង។

វេជ្ជបណ្ឌិត Vandana Arya អាយុ៣៥ឆ្នាំ អ្នកជំនាញផ្នែករោគស្ត្រី ប្រចាំមន្ទីរពេទ្យ និងជាអ្នកជួយ សម្រាលទារកម្នាក់នេះ បាននិយាយថា “នេះជាករណីដ៏ចម្លែកមួយ ដែលខ្ញុំមិនធ្លាប់បានឃើញ ពីមុនមក។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាទារកម្នាក់នោះ មានរូបរាងមើលទៅ ដូចជាសត្វត្រី ដោយសារតែជើងរបស់គេ ត្រូវផ្គុំចូលគ្នា តែមួយ”។

ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត Lindsey Fitzharris អ្នកសិក្សាទៅលើប្រវត្តិ នៃវេជ្ជសាស្ត្រ មកពីសាកលវិទ្យាល័យ Oxford បានលើកឡើងជុំវិញ ករណីនេះថា “នេះគឺជាករណីដ៏កម្រ បំផុតមួយ ដែលសឹងតែមានមួយប៉ុណ្ណោះ ក្នុងចំណោមទារក ទើបនឹងកើតចំនួន ១០០,០០០នាក់ ហើយមានសឹងតែសម្រាប់ករណី ទារកភ្លោះប៉ុណ្ណោះ។ អាការៈចម្លែកនេះ ផ្តើមចេញពី ដំណើរមិនប្រក្រតីនៃ ការផ្គត់ផ្គង់ពីសរសៃឈាម ទៅដល់ទងផ្ចិត ហើយជាលទ្ធផល គឺវាមិនមានការ ផ្តល់ឈាមបានគ្រប់គ្រាន់ ទៅដល់ទារកនៅក្នុងស្បូន។ ពេលនោះដែរ សរសៃឈាមក្រហមមួយ ក្នុងចំណោមពីរ បានធ្វើការលួចយក នូវសារជាតិចិញ្ចឹម និងឈាម ពីផ្នែកខាងក្រោម និងបានផ្លាស់ប្តូរវា ចូលក្នុងសុកវិញ ដូច្នេះហើយ ការទទួលរងពីការ ទទួលអាហារមិនគ្រប់គ្រាន់ វាបានធ្វើឲ្យ ទារកនៅក្នុងផ្ទៃ មិនអាចវិវឌ្ឍន៍ខ្លួន ដោយមានអវៈយវៈ ២ផ្សេងគ្នា បានជោគជ័យនោះទេ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាករណីទី៤ ហើយនៅក្នុងពិភពលោក ដែលមានទារក ចាប់កំណើតមក មានរូបរាងដូចជា នាងមច្ឆា ដែលធ្លាប់ឃើញតែនៅក្នុងរឿងកុន ប៉ុណ្ណោះ តែសម្រាប់ប្រទេសឥណ្ឌា វិញនេះគឺជា ករណីដំបូងបំផុតមួយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើលខ្លាំង ក្រោយពេលទារកម្នាក់ ចាប់កំណើតមក មានរូបរាងដូច នាងមច្ឆា នៅក្នុងរឿងកុន
ទារកដែលចាប់កំណើត មានរូបរាងដូច នាងមច្ឆា

ភ្ញាក់ផ្អើលខ្លាំង ក្រោយពេលទារកម្នាក់ ចាប់កំណើតមក មានរូបរាងដូច នាងមច្ឆា នៅក្នុងរឿងកុន
ទារិកាម្នាក់ឈ្មោះថា Milagros Cerron ដែលចាប់កំណើត ជាមួយនឹងអាការៈចម្លែក បែបនេះបាន តែក្រោយមក នាងត្រូវបានទទួលការវះកាត់ ដោយជោគជ័យ