ករណី​ស្រីមុំ​៖ តុលា​ការកោះហៅ​តំណាងរាស្ត្រ​CNRP ពីររូប​ដែល​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ពេស្យាចារ

​ក្រោយពី​តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​សង្គម​ស៊ីវិល និង​អគ្គលេខាធិការរង គជប ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​ហើយ​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែរ​នេះ ក៏ត្រូវ​បាន​តុលា​ការចេញ​ដីការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ដែរ​។

​បើតាម​ដីការ​ចុះ​ថ្ងៃទី​០២ ឧសភា ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បានចេញ​ដីការ​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប គឺ លោក ពិន រតនា និង​លោក តុ វ៉ាន​ចាន់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​អំពើ​ពេស្យាចារ ក្នុងករណី​កញ្ញា​ស្រីមុំ ដែល​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​ទៅ​បកស្រាយ​បំភ្លឺ​តាម​ការសាកសួរ នៅ​ថ្ងៃទី​១៦ ឧសភា​ខាងមុខនេះ​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​សុំ​ការឆ្លើយតប​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនេះ​នៅឡើយ​ទេ​។​

ពាក់ព័ន្ធនឹងករណីកញ្ញាស្រីមុំ នេះ ​តុលាការ​ក៏បានសម្រេច​បញ្ជូន​ខ្លួន មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី រួមទាំង​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប លោក នី ចរិយា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ នៅពេល​ព្រលប់​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​២ ខែឧសភា​នេះ​។ មន្ត្រី​អាដហុក​ទាំង​៤​រូប​ត្រូវបាន​ចោទប្រកាន់​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទប្រកាន់​ពីបទ​«​សមគំនិត​សូកប៉ាន់​សាក្សី​»៕