តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ក្រោយ​បង្កើន​ផលិតកម្ម​របស់​OPEC

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​២ ឧសភា ដោយសារ​ការ​បង្កើន​ផលិតកម្ម​របស់​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ OPEC ក្នុង​ខែមេសា ។

OPEC បាន​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​៤៨៤.០០០​ធុង​ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ ដោយ​ឡើង​ដល់​៣៣,២១៧​លាន​ធុង​ក្នុង​មួយ​ថ្ងៃ កាលពី​ខែមេសា ។ អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់ ជា​សមាជិក​សំខាន់​២​របស់ OPEC បាន​បង្កើន​ជា​ពិសេស​ផលិតកម្ម​ប្រេង​ឆៅ​របស់​ពួក​គេ​ក្នុង​ខែមេសា ។

អ្នកនាំពាក្យ​ក្រសួង​ប្រេងកាត​អីុរ៉ា​ក់​លោក ASSEM JIHAD ថ្លែង​កាលពី​ថ្ងៃ​ទី​១ ឧសភា ថា ការ​នាំ​ចេញ​ប្រេង​របស់​អីុ​រ៉ា​ក់បាន​បង្កើន​ប្រមាណ​ជា​២,៣%​ក្នុង​ខែមេសា បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​មុន​នេះ ដែល​ដល់​ជា​មធ្យម​៣,៣៦៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។

បណ្តា​ប្រទេស​ផលិត​ប្រេង​ឆៅ​សំខាន់​ៗ​ដែល​រួម​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៧ មេ​សា កន្លង​មកនេះ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា ពុំ​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្អាក​កូតា​ផលិតកម្ម​ប្រេង​ជា​សាកល​របស់ OPEC ឡើយ ដែល​ញ៉ាំង​ឱ្យ​តម្លៃ​ប្រេង​បន្ត​ចុះ​ថែម​ទៀត ។

នៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វ​យ៉​ក តម្លៃ​ប្រេង​ឆៅ​បាន​ចុះ​ថយ​១,១៤​ដុល្លារ​ទៀត មក​នៅ​ត្រឹម​៤៤,៧៨​ដុល្លារ ក្នុង​មួយ​ធុង ។ នៅ​ទីផ្សារ​ប្រេង​ក្រុង​ឡុ​ង​ដ៍​ប្រេង​ឆៅ​ធ្លាក់​ចុះ​១,៥៤​ដុល្លារ​មក​នៅ​ត្រឹម​៤៥,៨៣​ដុល្លារ​ក្នុង​មួយ​ធុង ៕