រន្ទះ​ប្រហារ​គោ​ងាប់​៦​ក្បាល ចែក​​​ពេញ​ភូមិ

ខេត្តស្វាយរៀង ៖​ កាលពី​​ម៉ោង​០៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ​ឧសភា ​២០១៦ ​​​ភ្លៀង​​លាយ​ខ្យល់​កន្ត្រាក់ និងផ្គរ​រន្ទះផង ​បណ្តាល​ឱ្យ​​​គោ​ងាប់​ចំនួន​​៦​ក្បាល ​និង​របើក​ដំបូលផ្ទះ​ចំនួន​២​ខ្នង ស្ថិត​នៅ​ភូមិ​ព្រៃ​ស្រះ​ ឃុំ​សម្បត្តិ​មាន​ជ័យ​ និង​ភូមិ​ត្រពាំង​ជ័រ ​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាស​ហែក​ ។

បើ​តាម​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា​​ ​ពេល​កំពុង​ភ្លៀង​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ លាយឡំ​ផ្គរ​រន្ទះ​នោះ ​ធ្វើ​​គោ-ក្របី​ភ័យ​ខ្លាច​ផ្អើល​បោល​មក​ផ្ទះ​វិញ​ លុះពេល​មក​ជិត​ដល់​ផ្ទះ ​ស្រាប់តែ​ត្រូវរន្ទះបាញ់​ចំ​​ងាប់​ជា​បន្តបន្ទាប់គួរ​ឱ្យខ្លាច​ ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​​មាន​ភ្លៀង​ធ្លាក់​កក់ខែ ហើយ​មាន​ផ្គរ​​រន្ទះ​លាន់ឮ​​ ​ធ្វើ​ឱ្យ​​អ្នក​ភូមិ​នាំ​គ្នា​សំងំ​ក្នុងផ្ទះ ​មិន​ហ៊ាន​ចេញ​ក្រៅ​ខ្លាច​​​រន្ទះ​ ។​ សត្វ​គោ​ត្រូវ​ម្ចាស់​ប្រ​លះ​សាច់​លក់​ចែកចាយ​អ្នក​ភូមិ​ធ្វើ​ម្ហូប​ និង​ប្រឡាក់​ងៀត ​។