កាន់តែ​ក្តៅ ! តំណាង​អយ្យការ​កោះហៅ​តំណាងរាស្ត្រ CNRP ២​រូប​ទៀត

រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ លោក​ព្រះរាជអាជ្ញា​រង សៀង សុខ កាលពី​ថ្ងៃ​ទី​០២ ឧសភា​ម្សិលមិញ​បាន​ចេញ​ដីកា​កោះហៅ​ដាច់​ដោយឡែក​ពី​គ្នា​ដោយ​បង្គាប់​ចូល​ទៅ​សាលាដំបូង​ដើម្បី​សាកសួរ​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពេស្យាចារ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា និង​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ ។

បើ​តាម​ដីកា​ដែល​គេហទំព័រ​កោះសន្តិភាព​ទើប​ទទួល​បាន តំណាងរាស្ត្រ​ទាំង​ពីរ​រូប​នោះ​គឺ​លោក ពិន រតនា អាសយដ្ឋាន​ផ្ទះ​លេខ ៤០ ផ្លូវ​១៧ CA សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​តំណាង​អយ្យការ​កោះ​ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ និង​លោក តុ វ៉ា​ន់​ចាន់ អាសយដ្ឋាន​ផ្ទះ​លេខ A23 ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ត្រូវ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ កោះ​ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ ៕