ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញភពថ្មីៗចំនួនបីទៀត ដែលអាចឲ្យជីវិតរស់នៅបាន (មានវីដេអូ)

(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Cambridge បានប្រកាសនៅដើមសប្តាហ៍ នេះថា ពួកគេបានរកឃើញភពថ្មីៗ ចំនួនបីបន្ថែមទៀត ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី គោចរជុំវិញផ្កាយដែលមានពន្លឺស្រទន់មួយ មានចម្ងាយ៤០ឆ្នាំពន្លឺ ពីភពផែនដី (មួយឆ្នាំពន្លឺ ស្មើនឹង ៩.៥ ពាន់ពាន់លានគីឡូម៉ែត្រ)។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។

អ្នកជំនាញមួយក្រុម ដែលធ្វើការរុករកភពផ្សេង នៅឯមន្ទីរពិសោធន៍សកលវិទ្យាល័យ Cambridge លោក Didier Queloz បានថ្លែងថា «ការរកឃើញប្រព័ន្ធព្រះអាទិត្យដែលមាន ភពទាំបីវិលជុំវិញនោះ គឺជាពន្លឺថ្មីរបស់យើង ក្នុងការស្វែងរកជីវិតនៅភពផ្សេងដ៏ប្រសើរ បំផុត»។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ តេឡេស្កូប ESO របស់ក្រុមអ្នកតាមដាននៃ សហភាពអឺរ៉ុប ដែលមានមូលដ្ឋាននៅ ប្រទេសស៊ីលី ស្ថិតក្នុងតំបន់អាមេរិកឡាទីន ដែលកន្លងមកគេបានរកឃើញ នឹងដាក់ឈ្មោះប្រព័ន្ធព្រះអាទិត្យថ្មីនោះថា TRAPPIST-1 (មានទំហំធំជាងភពព្រហស្បតិ៍ របស់យើងបន្តិច) ស្ថិតនៅក្នុងក្រុមផ្កាយ Aquarious។

តារាវិទូ បានឲ្យដឹងទៀតថា ដោយសារតែ TRAPPIST-1 មានទំហំតូច និងពន្លឺស្រទន់នោះទើប កែវយឺតអវកាសអាចរកឃើញភព ដែលវិលជុំវិញវាបានយ៉ាងងាយ ហើយព័ត៌មានចុងក្រោយនោះ គឺព្រះអាទិត្យនេះ មានភពចំនួនបី ដែលមានទំហំប្រហាក់ប្រហែល នឹងផែនដីរបស់យើង ដែលនាំ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា នឹងអាចមានជីវិតរស់នៅទីនោះ ឬក៏វាអាចឲ្យជីវិតរស់នៅបាន។

យ៉ាងណាក៏ដោយ ចម្ងាយរហូតដល់ទៅ ៤០ឆ្នាំពន្លឺបែបនេះ មនុស្សនៅលើផែនដី នឹងត្រូវការពេលវេលារាប់រយឆ្នាំទៀតទើបអាច កសាងសមត្ថភាព ផ្នែកបច្ចេកវិទ្យាដើម្បីទៅដល់ទីនោះបាន៕

ប្រភព៖ baykdang

  • ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញភពថ្មីៗចំនួនបីទៀត ដែលអាចឲ្យជីវិតរស់នៅបាន (មានវីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: