សែន​សង្វេគ យក​រទេះ​ធ្វើ​ផ្ទះ យក​មេឃ​ធ្វើ​ដំបូល

សែន​សង្វេគ យក​រទេះ​ធ្វើ​ផ្ទះ យក​មេឃ​ធ្វើ​ដំបូល



ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ក្រីក្រ​មួយ​មាន​សមាជិក​៤​នាក់ ប្តី​ប្រពន្ធ និង​កូន ថែម​ទាំង​ផ្ទុកមេរោគ​អេ​ដស៍​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ទៀត រស់នៅ​យ៉ាង​វេទនា​ខ្លាំង​ណាស់​ដោយ​យក​មេឃ​ធ្វើ​ដំបូល ហើយ​នាំ​គ្នា​ដេក​លើ​រទេះ ព្រោះ​គ្មាន​ដី និង​លំនៅ​ដ្ឋា​ន​ផ្ទាល់ខ្លួន ។

គ្រួសារ​ដ៏​កំសត់​មួយ​នេះ​មាន​ប្តី​ឈ្មោះ សុខ វៃ អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ បេង មុំ អាយុ​៣១​ឆ្នាំ និង​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ​សុខ លី​ណា អាយុ​៦​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ ចាន់​រ៉ា អាយុ​១​ឆ្នាំ ។

តាម​ការ​រៀបរាប់​ពី​គ្រួសារ​ខាងលើ​និយាយ​ថា ពួក​គាត់​មក​ពី​ភូមិ​តាអោ​ក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​បាន​មក​រស់នៅ​ជាយ​ដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​រយៈពេល​១៩​ឆ្នាំ​ហើយ ដោយ​ធ្វើ​ជា​កម្មករ​អូស​រទេះ រស់នៅ​ចល័ត ម្តង​ភូមិ​នេះ ម្តង​ភូមិ​នោះ ដោយ​បច្ចុប្បន្ន​រស់នៅ​លើ​ដី​ទំនេរ​របស់​អ្នកស្រុក​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ គ្រួសារ​ខាងលើ​បន្ត​ថា ពួក​គាត់​៣​នាក់​មាន​ផ្ទុកមេរោគ​អេ​ដស៍ លើកលែងតែ​កូនច្បង​ម្នាក់​ប៉ុណ្ណោះ ។ កាលពីដើម​ជួល​ផ្ទះ​គេ​រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រកបរ​បរជា​កម្មករ​អូស​រទេះ លុះ​ធ្លាក់ខ្លួន​ឈឺ​(​ផ្ទុកមេរោគ​អេ​ដស៍​)​រក​ប្រាក់​បង់​ថ្ឡៃ​ឈ្នួល​ផ្ទះ​គេ​មិន​បាន ក៏​នាំ​គ្នា​ដើរ​ដេក​តាម​ដី​ទំនេរ​របស់​អ្នកស្រុក ។

គ្រួសារ​ខាងលើ​បន្ត​ថា កាលពី​ឆ្នាំ​២០១៥​ពួក​គាត់​ត្រូវ​បាន​គ្រួសារ​មួយ​ឲ្យ​ផ្ទះ​រស់នៅ​ដោយ​មិន​យក​ប្រាក់​ទេ​នៅ​ក្នុងភូមិ​ខាងលើ លុះ​ពួក​គាត់​ទៅ​រកស៊ី​ឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឲ្យ​គេ​នៅ​ស្រុក​ម៉ា​ឡៃ​វិល​ត្រឡប់​មក​វិញ ផ្ទះ​ដែល​គេ​ឲ្យ​រស់នៅ​នោះ​ត្រូវ​បាន​អ្នក​ផ្សេង​គេ​ដាក់​ចិញ្ចឹម​ទា ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះ​ជម្រក ។

ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​កើតហេតុ គ្រួសារ​មួយ​នេះ​ពិតជា​ពិបាក​ភ្នែក​មើល​ណាស់ យក​រទេះ​ធ្វើ​ជា​ផ្ទះ ដោយ​រទេះ​តូច​មួយ​ដេក​គ្នា​រហូត​ដល់​ទៅ​៤​នាក់ បុរស​ជា​ប្តី​ដេក​ផ្ទុយ​ជើង​គ្នា​ជាមួយ​ប្រពន្ធ ឯ​កូន​តូច​ៗ​ដេក​ស្របគ្នា​ជាមួយ​នាង​ជា​ម្តាយ ។ ពួក​គាត់​ថា កន្លង​មក​នាំ​គ្នា​ក្រាលកន្ទេល​ដេក​ផ្ទាល់​ដី​ជា​លក្ខណៈ​គ្រួសារ តែ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់ មុង​ភួយ​ទទឹក​ជោគ​ព្រោះ​គ្មាន​ដំបូល ក៏​សម្រេច​នាំ​គ្នា​ដេក​លើ​រទេះ​វិញ ដោយពេល​មាន​ភ្លៀង​ធ្លាក់​យក​កៅស៊ូ​តង់​គ្រប​រទេះ​ទាំងមូល​តែ​ម្តង ។

អ្វី​ដែល​គួរ​ឲ្យ​កាន់តែ​អាណិត​ខ្លោចចិត្ត​ថែម​ទៀត​នោះ បច្ចុប្បន្ន​គ្រួសារ​មួយ​នេះ​រស់នៅ​អាស្រ័យ​លើ​ការ​អូស​រទេះ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ ថ្ងៃ​ណា​រក​មិន​បាន​ត្រូវ​នាំ​គ្នា​ដេក​អត់បាយ​ក៏​មាន​ដែរ ។ ពី​កន្លែង​ពួក​គាត់​រស់នៅ​ទៅ​បន្ទាត់​ព្រំដែន​(​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​) មាន​ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ ហើយ​បុរស​ជា​ប្តី​និយាយ​ថា មុខរបរ​អូស​រទេះ​នេះ​មហា​សែនពិបាក ព្រោះ​ត្រូវ​អូស​រទេះ​ទៅ​មក​ឆ្ងាយ​ៗ ។

គ្រួសារ​ខាងលើ​ក៏​បាន​សំណូមពរ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​ពួក​គាត់​ផង ពេល​នេះ​ពួក​គាត់​វេទនា​ខ្លាំង​ណាស់ ៕