កម្ពុជា និង​ហ្វីលីពីន​ នឹង​ចុះ​អនុស្សរណៈ​ លើ​វិស័យ​ពលករ​ទេសន្តរប្រវេសន៍​

កម្ពុជា និង​ហ្វីលីពីន​ នឹង​ចុះ​អនុស្សរណៈ​ លើ​វិស័យ​ពលករ​ទេសន្តរប្រវេសន៍​



ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា ​និង​ហ្វីលីពីន គ្រោ​ង នឹង​ចុះ​អនុស្សរណៈ​ជួយ​គ្នា​ទៅវិញទៅមក​លើ​ការពារ​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ទាំង​ពីរ​។
​ ​
លោក​ អ៊ិត ​សំហេង ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី​២​ ខែ​ឧសភា ​បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ហ្វីលីពីន ​ដឹកនាំ​ដោយ​ លោក Jesus Yabes អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នាទី​ស្ដីការ​ក្រសួង​ថា ជំនួប​គ្នា​ថ្ងៃនេះ ដើម្បី​រៀបចំ​នូវ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សំខាន់​នោះ កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក​លើក​វិស័​យ​ការងារ​ពលកម្ម​។ យើង​អាច​នឹង​មាន​នីតិវិធី​សម្រាប់​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ព្រោះថា​ ហ្វីលីពីន​ និង​កម្ពុជា ​ជា​ប្រទេស​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចគ្នា​។​
​ ​
លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ហ្វីលីពីន មានបទពិសោធន៍​ច្រើន​ទាក់ទង​នឹង​បញ្ហា​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​។ ជាក់ស្តែង​ហ្វីលីពីន​មាន​ពលករ​បំរើ​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​៨​លា​ន​នាក់​។ ចំណែក​កម្ពុជា​វិញ​មាន​ប្រមាណ​៦២​ម៉ឺន​នាក់​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។​

​ពលករ​កម្ពុជា​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់​ ដែល​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​រួមមាន​ ប្រទេស​ថៃ សិង្ហបុរី កូរ៉េ ជប៉ុន​ និង​ម៉ាឡេស៊ី​ ប៉ុន្តែ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​ភាគច្រើន ធ្វើការ​នៅ​ប្រទេស​ថៃ​។​

លោក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា​ «​កិច្ចព្រមព្រៀង​ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ខាង​នេះ​គឺជា​ការ​ស្វែង​យ​ល់​ពី​គ្នា​ទៅវិញទៅមក សំខាន់​នោះ​បង្កើត​ឲ្យ​ប្រព័ន្ធ​សហប្រតិបត្តិការ​វាង​ហ្វីលីពីន និង​កម្ពុជា ​សម្រាប់​ជួយ​គ្នា​ទៅវិញទៅមក ដូចជា​ កាលណា​មាន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណាមួយ​ ដែល​យើ​ង​ពុំ​មាន​សេវា​ទៅដល់​គឺ​ភាគី ហ្វីលីពីន​ជួយ​យើង។​ ហើយ​កន្លែង​ណា​មាន​ពលករ​ហ្វីលីពីន​ទៅ​ធ្វើ​ការ ហើយ​ភាគី​ហ្វីលីពីន​មិន​មាន​សេវា​ទៅដល់ ​ប៉ុន្តែ​មាន​សេវា​ខាង​កម្ពុជា នោះ​គឺ​កម្ពុជា​ជួយ​វិញ។ ​អីចឹង​ជា​កិច្ច​សហប្រតិបត្តិការ​អាច​ជួយ​សម្រួល​គ្នា​ទៅវិញទៅមក​ពិសេស​នោះ​ ដល់​ទេសន្តរប្រវេសន៍​តែ​ម្ត​ង​»​។​
​ ​
ជាមួយគ្នា​នោះ​ដែរ​ លោក​រដ្ឋមន្ត្រី​ថា​ ក្នុង​ជំនួប​ក៏បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ រួមគ្នា​ផង​ដែរ​(​កម្ពុជា ហ្វីលីពីន​)។ ជាក់ស្តែង​នោះ​នៅ​កម្ពុជា​មាន​ពលករ​ហ្វីលីពីន​មក​ធ្វើការ តាម​ការចុះបញ្ជី​មាន​ប្រមាណ​២​ពាន់​នាក់ ​ប៉ុន្តែ​នៅ​មាន​ពលករ​មួយ​ចំនួន​ទៀត ​ដែល​នៅ​មិន​ទាន់​បាន​ចុះបញ្ជី។ ក្រសួង​កំ​ពុងតែ​ធ្វើ​បច្ចុប្បន្នភាព​ចំពោះ​ពលករ​ ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​។

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ​ការ​ចុះ​អនុស្សរណៈ​ជាមួយ​ហ្វីលីពីន​ក៏​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខ​ណ្ឌ​អាស៊ាន​ផង​ដែរ ពិសេស​កិច្ចព្រមព្រៀង​ស្ដីពី​បម្លាស់ទី​រូបវន្តបុគ្គល​។ ​បច្ចុប្បន្ន ពលករ​ហ្វីលីពីន​ធ្វើ​ការ​នៅ​កម្ពុជា​មាន​ច្រើន​ផ្នែក ដូចជា ​ផ្នែក​សេវា​ទេសចរណ៍ ផ្នែក​តន្ត្រី សំណង់ គ្រូបង្រៀន​…។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា ពលករ​បរទេស​ដែល​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រហាក់​ប្រហែលគ្នា​ក្នុង​នោះ​ពលករ​ចិន​ជាប់​លំដាប់​ច្រើន​ជា​ងគេ បន្ទាប់មក​ហ្វីលីពីន វៀតណាម ថៃ ជា​រួម​មាន​ជាង​១០០​ជនជាតិ​៕

កម្ពុជា និង​ហ្វីលីពីន​ នឹង​ចុះ​អនុស្សរណៈ​ លើ​វិស័យ​ពលករ​ទេសន្តរប្រវេសន៍​
​ ​