រាស្ត្រ​មួយ​គ្រួសារ​ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន

រាស្ត្រ​មួយ​គ្រួសារ​ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន



ភ្នំពេញ​ ៖ ​រាស្ត្រ​មួយ​គ្រួសារ​នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​ដង្ហោយ​សុំ​កិច្ច​ជួយ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ខណៈ​ដី​អាស្រម​ទួល​ព្រះ​ជិនស្រី​របស់​ពួកគាត់​ ដែល​សម្ដេច​ទាំងពីរ​ធ្លាប់​មានធម៌​មេត្តា​ជួយ​ស៊ីម៉ងត៍​១០០​តោន​កសាង​ព្រះ ​ត្រូវ​មន្ត្រី​យោធា​ពាក់​សក្ដិ​៤​ម្នាក់​ប្រើ​អំណាច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​រំលោភ​ចង់​កាន់កាប់​ដី​ពាក់​កណ្ដាល​ ដោយ​មាន​ការរៀបចំ​គម្រោង​ទុកជាមុន​នោះ។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ជា​អ្នក​កាន់​សីល​ឈ្មោះ កែវ មន្នី​ចិន្តា បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ដី​របស់​គាត់​មាន​ទំហំ​១៣១ ៨៣ ម៉ែត្រការ៉េ​ បាន​ទិញ​កាលពី​ឆ្នាំ​១៩៩០​ពី​ម្ចាស់​ដើម​ចំនួន​៥​ម្ចាស់​ ដែល​មាន​លិខិតស្នាម​ទិញ​លក់​ត្រឹមត្រូវ​ និង​មាន​ការ​ដឹង​ឮ​ស៊ីញេ​ផ្ដិតមេដៃ​ពី​ភាគី​ម្ចាស់​ដើម, លោក​មេភូមិ​ប៉ា​យ៉ាប​ឈ្មោះ មុយ ជា ព្រមទាំង​សាក្សី​មួយ​ចំនួន។

អ្នកស្រី​កែវ មុន្នី​ចិន្តា ​បាន​រៀបរាប់​ទៀត​ថា ​បន្ទាប់ពី​គាត់ ​និង​ប្ដី​ឈ្មោះ​លោកតា សំ ម៉េ​ន ទិញ​ដី​ខាង​លើ​នេះ​បាន​រយៈពេល​ជាង​២​ឆ្នាំ​ ពួកគាត់​ក៏បាន​នាំគ្នា​ចូល​ទៅ​រស់នៅ​កាន់កាប់​នៅ​លើ​ដី​នេះ​ និង​បាន​ចាប់ផ្ដើម​សាងសង់​ជា​អាស្រម​ដើម្បី​ទុកជា​កន្លែង​ទី​សក្ការបូជា ​ដោយ​មាន​សាងសង់​រូប​ព្រះ​បដិមា​ជាច្រើន​…..។ អំឡុងពេល​កំពុង​សាងសង់​នោះ​ដោយ​ក្តី​អាណិតអាសូរ​ និង​មើលឃើញ​ពី​ភាព​ខ្វះខាត​សម្តេច​ទាំងពីរ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន បាន​ឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន​១០០​តោន​ផង​ដែរ​ ដល់​ការសាងសង់​នេះ។

គ្រួសារ​ ដែល​អះអាង​ថា ​រង​នូវ​អំពើ​អយុត្តិធម៌​ខាង​លើ​បាន​រៀបរាប់​ថា នៅ​ឆ្នាំ​២០១៣​ ក្រោយ​ពេល​ដែល​ប្តី​ និង​ឪពុក​របស់​ពួកគាត់ ​លោកតា សំ ម៉េ​ន ស្លាប់​​ទៅ ​ក៏​ត្រូវ​ប្អូនប្រុស​ឈ្មោះ​លី សឹង ជា​មន្ត្រី​យោធា​សក្ដិ​៤ នៅ​ខេត្ត​កោះកុង​ចាប់ផ្ដើម​បង្ក​បញ្ហា​ប្រើ​អំណាច​ និង​យកឈ្មោះ​អ្នកធំ​មក​គំរាមកំហែង​សម្លុត​ចង់បាន​ដី​របស់​គាត់​ពាក់​កណ្ដាល​ ដោយមាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ ​ដើម្បី​បាន​កម្មសិទ្ធិ​កាន់កាប់​ដី​ខាង​លើ​នេះ​ពាក់​កណ្ដាល​ ទាំង​ដែល​ឈ្មោះ​នេះ​គ្មាន​ពាក់ព័ន្ធ​ឬ​មាន​ឯកសារ​កម្មសិទ្ធិ​អ្វី​ទាំង​អស់​នោះ។

ប្រភព​ពី​គ្រួសារ​ដដែល​នេះ​បាន​បន្ថែម​ថា ក្រោយពី​មាន​បញ្ហា​នៃ​ការរៀបចំ​គម្រោង​ដើម្បី​ប្លន់​ចង់បាន​ដី​ពាក់​កណ្តាល ​ពី​សំណាក់​មន្ត្រី​ឈ្មោះ លី សឹង នេះ​ ក៏​មានការ​ប្តឹងផ្តល់​ទៅ​មេភូមិ​ប៉ា​យ៉ាប​រហូតដល់​មន្ទីរ​សុរិយោដី​ថ្នាក់​ខណ្ឌ​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​លទ្ធផល​បែរជា​ត្រូវ​បាន​សម្រេច​សេចក្ដី​ឲ្យ​កាត់​ដី​ពាក់​កណ្ដាល​ទៅ​ឲ្យ​ឈ្មោះ​លី​សឹង ទាំង​អយុត្តិធម៌​បំផុត។ ដូច្នេះ​ហើយ​ពួកគាត់​ក៏​សម្រេច​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ជំទាស់​ចំពោះ​ការ​សម្រេច​សេចក្តី​នេះ​ តែ​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម្រាប់​គ្រួសារ​ទន់ខ្សោយ​របស់​ពួកគាត់​ដដែល។

គ្រួសារ​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​អ្នកស្រី កែវ មុន្នី​ចិន្តា បាន​លើក​ម្រាមដៃ​ដប់​អំពាវនាវ​សុំ​ការ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​មេត្តា​ជួយ​ពិនិត្យ​ជំរុញ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​សើរើ​រឿង​នេះ​ជាថ្មី ឡើងវិញ​ ព្រោះ​ដី​ខាង​លើ​នេះ​ជា​កម្មសិទ្ធិ​ទិញ​ស្រប​ច្បាស់​របស់​គ្រួសារ​គាត់។ ប៉ុន្តែ​ដោយ​មាន​អំណាច ​ប្អូនប្រុស​គាត់​ឈ្មោះ​លី សឹង ​​មិន​ជួយ​ការពារ​គាត់​បែរ​ជា​សម្លុត​គំរាមកំហែង​រំលោភ​ចង់​យក​ដី​គាត់​ទៅវិញ។

កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ចំពោះ​​​ពី​សំណាក់​លោក​លី សឹង ​​មន្ត្រី​សក្ដិ​៤​តាម​ទូរស័ព្ទ​បាន​នៅឡើយ​ទេ។ ដោយឡែក​លោក មុយ ជា មេភូមិ​ប៉ា​យ៉ាប​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ កម្ពុជា​ថ្មី​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​សួរនាំ​ជុំវិញ​បញ្ហា​នេះ​ជាច្រើនលើក​ច្រើន​សា​ដែរ ​ប៉ុន្តែ​ពេល​តេ​ចូល​ត្រូវ​បាន​ស្ត្រី​ម្នាក់​ជា​អ្នកទទួល​ហើយ​ឆ្លើយ​ប្រាប់​មកវិញ​ថា មិនមែនជា​លេខ​ទូរស័ព្ទ​របស់លោក​មេភូមិ​ប៉ា​យ៉ាប មុយ ជា​ ទេ ប្រហែល​តេ​ច្រឡំ​លេខ​រួច​ក៏បាន​បិទ​ទូរស័ព្ទ​វិញ៕

រាស្ត្រ​មួយ​គ្រួសារ​ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែនរាស្ត្រ​មួយ​គ្រួសារ​ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន