អង្គការតម្លាភាពអន្តរជាតិ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីទៅលើសង្គមស៊ីវិល

អង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់   បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវការយាយីទៅលើសង្គមស៊ីវិល និងការគំរាមកំហែងទៅលើសកម្មជនការពារសិទ្ធិមនុស្ស។ ការអំពាវនាវរបស់អង្គការតម្លាភាពអន្តរជាតិ យ៉ាងដូច្នេះ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២ ខែមេសា នេះ។

អង្គការតម្លាភាពអន្តរជាតិ បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការកើនឡើង នូវការជ្រៀតជ្រែកផ្នែកនយោបាយ និងការគំរាមកំហែង ដល់អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រឆាំងអំពើពុករលួយ។

អង្គការតម្លាភាពអន្តរជាតិនេះ បានរិះគន់ចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយមកលើមន្ត្រីអ្នកការពារសិទ្ធិមនុស្សអាដហុក មន្ត្រី គ.ជ.ប. និងមន្ត្រីអង្គការសហប្រជាជាតិ ដោយចាត់ទុកចំណាត់ការរបស់ អង្គភាពប្រឆាំងអំពើពុករលួយថា  មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលនោះឡើយ។

អង្គការតម្លាភាពអន្តរជាតិ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីទៅលើសង្គមស៊ីវិល

អង្គការតម្លាភាពអន្តរជាតិ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីទៅលើសង្គមស៊ីវិល

បើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គការតម្លាភាពអន្តរជាតិ ចុះនៅថ្ងៃទី២ ខែឧសភាបានអះអាងថា  ការអនុវត្តរបស់រដ្ឋាភិបាលបែបនេះ គឺជាការបញ្ជូននូវសារអវិជ្ជមានមួយ ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនៅទូទាំងពិភពលោកផងដែរ ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិល ត្រូវការ ការការពារ ដើម្បីឱ្យពួកគេអាចបំពេញការងារ ក្នុងការជួយគាំពារប្រជាពលរដ្ឋ។ ហើយអង្គការតម្លាភាពអន្តរជាតិមួយនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវការយាយីទៅលើអង្គការសង្គមស៊ីវិលទាំងនោះ។

មិនទាន់មានការឆ្លើយតបពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅឡើយទេ ពាក់ព័ន្ធនិងការអំពាវនាវរបស់អង្គការតម្លាភាពអន្តរជាតិ។ ប៉ុន្តែកន្លងមក លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ការសម្រេចឃុំឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប គឺ ដោយសារចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងរបស់អង្គភាពរបស់លោក។

គួរបញ្ជាក់ថា ការអំពាវនាវរបស់អង្គការតម្លាភាពអន្តរជាតិពេលនេះ បានធ្វើឡើងស្របពេលដែល មន្ត្រីអាដហុក៤ទាំងរូប និងអតីតបុគ្គលិករបស់អាដហុក គឺលោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប.ត្រូវបានតុលាការចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ។ ដោយឡែក មន្ត្រីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៌ត្រូវបានតុលាការ ចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីនេះផងដែរ៕

ប្រភពៈ វាយោ