សុបិន​គ្រង​តំណែង​ជើងឯក​ប្រឺ​មី​ញេ​លី​ក​របស់​ក្លិប​កញ្ជ្រោង​Leicester បាន​ក្លាយជា​ការ​ពិត

សំឡេង​ហ៊ោកញ្ជ្រៀវ​ចេញពី​អ្នកគាំទ្រ​ក្លិប​កញ្ជ្រោង​បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​ទីក្រុង Leicester ចក្រភព​អង់គ្លេស ខណៈ​ដែល​ការ​ប្រកួត​រវាង​ក្លិប​Tottenham និង Chelsea ត្រូវ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​២-២ ។

ក្តី​សុបិន​របស់​ក្លិប​កញ្ជ្រោង Leicester គ្រង​ជើងឯក​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​២០១៥-២០១៦ បាន​ក្លាយជា​ការ​ពិត ខណៈ​ក្លិប​មាន់​ខ្នាយ​មាស​Tottenham​ដែល​ជា​គូប្រជែង​របស់​ខ្លួន​តែ​មួយគត់​មិន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លិប​តោ​ខៀវ Chelsea កាលពី​រាត្រី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ។ កញ្ជ្រោង Leicester មាន​៧៧​ពិន្ទុ​នាំមុខ​ក្លិប​ដទៃ​ទៀត​ដែល​អាច​ឲ្យ​ក្លិប​នេះ​គ្រង​តំណែង​ជើងឯក​បាន​ហើយ​ទោះបី​នៅ​សល់​២​ប្រកួត​ចុង​ក្រោយ​ទៀត​ក៏​ដោយ ។

ក្តី​ស្រមៃ​ដណ្តើម​ជើងឯក​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham ត្រូវ​រលាយ​ខ្សុល ខណៈ​ក្លិប​តោ​ខៀវ Chelsea តាម​រក​គ្រាប់​បាល់​ស្មើ​នៅ​តង់​ទី​២ ដោយ​កីឡាករ Gary Cahill នៅ​នាទី​ទី ៥៨ និង​កីឡាករ Eden Hazard នៅ​នាទី​ទី​៨៣​។ ដូច្នេះ​ទោះបីជា Tottenham អាច​យកឈ្នះ​ទាំង​២​ប្រកួត​ដែល​នៅ​សល់​ក្តី ក៏​លំដាប់​ពិន្ទុ​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​មាន​៧០​ពិន្ទុ មិន​អាច​តាម​ទាន់​ក្លិប​កញ្ជ្រោង Leicester បាន​ដែរ​ព្រោះ​បច្ចុប្បន្ន​ក្លិប​កញ្ជ្រោង​មួយ​នេះ​មាន​៧៧​ពិន្ទុ ។

ទោះបី​យ៉ាងណា​ក្រោយ​ចប់​ការ​ប្រកួត គ្រូបង្វឹក​ក្លិប Tottenham លោក Mauricio Pochettino បាន​និយាយ​ថា​៖«​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ក្លិប Leicester និង​គ្រូបង្វឹក​លោក Ranieri ។ ២០១៥-២០១៦ ជា​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​។

គ្រូបង្វឹក​ក្លិប Leicester លោក Claudio Ranieri បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ក្លិប​ថា រូប​លោក​ពិតជា​មាន​មោទនភាព​ណាស់ សម្រាប់​ក្រុម​របស់​លោក ក៏​ដូច​ជា​បុគ្គលិក​ទូទៅ​ក្នុង​ក្លិប ព្រមទាំង​អ្នកគាំទ្រ​ក្លិប​ទាំងអស់ ព្រោះ​នេះ​ជា​លើក​ដំបូង​របស់​ក្លិប​ដែល​បាន​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ប្រឺ​មី​ញេ​លី​ក​ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ឆ្នាំ​១៨៨៤ មក ៕