សង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​ប្លន់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​

ភ្នំពេញ:
ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​ប្លន់ បណ្តាល​ឲ្យ​យុវជន​ម្នាក់ស្លាប់ រួច​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​។ ករណី​វាយ​ប្លន់​នេះ​​បាន​កើតឡើង​កាលពីវេលា​ម៉ោង ៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​នៅលើ​ដងផ្លូវស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​​រុស្ស៊ី កែង​ផ្លូវ​លេខ​២៣៣ ខាងកើត​ស្ពានអាកាស ៥​មករា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់ នៅ​មិនទាន់​ស្គាល់អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួនបុរស​ម្នាក់ យកមក​សួរនាំ​ឲ្យ​ច្បាស់​ថា ជា​ករណី​ប្លន់ ឬក៏​គំនុំ ។

​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ លី សាវុធ អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្តុំ​សាលាសន្ធរម៉ុក ដោយ​គាត់​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​ក៏​ជា​ជនរងគ្រោះ​ដែរហើយ​ជា ម្ចាស់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1FD-1240 ដែល​គេ​យកទៅ​បាត់​នោះ​។​

 ក្រោយពី​សមត្ថកិច្ច សួរនាំ​បាន​១០​នាទី បុរស​រូបនេះ​បាន​ប្រាប់ថា គាត់​ជាអ្នករត់ម៉ូតូឌុប ហើយ​ដឹក​បុរស​ពីរ​នាក់​ចេញពី​ជក់​ថ្នាំ​នៅ​​ម្តុំ​កោះ​ពេជ្រ ពេល​ជក់រួចហើយ គាត់​ក៏បាន​ដឹក​បុរស​ទាំងពីរ​នាក់ ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​២៩៨ពេលនោះ​ស្រាប់​តែមាន ជន​មិន​ស្គាល់មុខ​មួយក្រុម មាន​គ្នា ៦​នាក់ ជិះ​ម៉ូតូ​២គ្រឿង មិន​ស្គាល់​ម៉ាក ប្រដាប់​ដោយ​ដំបង និង​ដុំថ្ម​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​​ដេញ​វាយពួកគាត់ (​ជនរងគ្រោះ​) រហូត តាំងពី​ម្តុំ​ផ្សារ TK រហូតមកដល់​ចំណុច ស្ពាន​អាកាស៥​មករា ពួកគាត់​ក៏បាន​ជិះ​ចូល​ផ្លូវ​ក្រោម​ដី ព្យាយាម​គេចខ្លួន តែ​គេច​មិន​ផុតក៏ត្រូវ​ជន​មិន​ស្គាល់មុខ​នោះ ដេញទាន់​វាយ​ពួកគាត់​ដួល​ម៉ូតូ គាត់​ក៏រ​ត់ទៅ​កន្លែងមាន​សុ​វ​តិ្ថ​ភាព​។​

​បើទោះជា​យ៉ាងណា​នៅពេលនេះ កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ និង​កំណត់មុខសញ្ញា ដើម្បី​ចាប់​ជនសង្ស័យ​ទាំងនោះ​យក​មក​ចាត់ការ​តាម​និតិ​វិធី​៕​R