មេធាវី ស្នើ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​

​ក្រោយពី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ ក្រុម​មេធាវី កំពុងតែ​សស្រាក់​ស្រ​ស្រាំ ដើម្បី​ស្វែងរក​មធ្យោបាយ ជួយ​កូនក្តី​របស់ខ្លួន ឲ្យ​បាន​នៅក្រៅ​ឃុំ​។

​មេធាវី​ទាំង​៦​រូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប កំពុងតែ​ព្យាយាម​ជួបជុំគ្នា ដើម្បី​រក​ដំណោះស្រាយ ជួយ​កូនក្តី​របស់ខ្លួន​បាន​ចេញពី​ពន្ធនាគារ​។ មេធាវី​ទាំងនោះ នឹងដាក់​លិខិត ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​ជន​ទាំង​៥​នាក់​។ នេះ​បើតាម​ការអះអាង​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក ថ្ងៃទី​៣ ឧសភា​នេះ​។​

​យ៉ាងណាក៏ដោយ លោក សំ សុ​គង់ រួមទាំង​មេធាវី​ផ្សេងទៀត មិនទាន់​កំណត់ពេល​ច្បាស់លាស់​ថា នឹងដាក់​លិខិត​ទៅកាន់​តុលាការ នៅពេលណា​នោះទេ​។ លោក​មេធាវី​រូបនេះ គ្រាន់តែ​បង្ហើប​ថា លោក​មិនអាច​បង្អង់​យូរ ឲ្យ​ហួស​ពី​សប្តាហ៍​នេះ ឡើយ​។

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​មេធាវី​ផ្សេងទៀត ខ្ញុំ​មិនទាន់​ដឹង ថា​ពួកគាត់​ចង់​ស្នើ​នៅពេលណា​ទេ ព្រោះ​ឥឡូវ​យើង​មិនទាន់បាន​ជួបគ្នា​។ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា កាន់តែ​លឿន​កាន់តែ​ល្អ​»​។​

​នៅ​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃទី​២ ឧសភា  ចៅក្រម​ស៊ើបសួរ សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​ទាំង​៤​នាក់  គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា  និង​លោកស្រី លឹម មុន្នី ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ ចំណែកឯ លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប ត្រូវបាន​នាំខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ)​។

​ការ​ឈានដល់​ការឃុំខ្លួន​ជន​ទាំង​៥​ខាងលើ ធ្វើឡើង​បន្ទាប់ពី​ចៅ​ក្រោម​ស៊ើបសួរ​ចោទប្រកាន់​ពួកគេ ពី​ករណី​អំពើពុករលួយ​។ មន្ត្រី​អាដហុក​ទាំង​៤​នាក់ ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ជាប់​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។

​សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ប្រមូល​និង​បញ្ជូន​ទៅកាន់​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ មុខ​នឹង​បញ្ជូន​អ្នក​ទាំង​៥ ទៅ​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រក្សាខ្លួន​ពួកគេ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​រយៈពេល​២​ថ្ងៃ ដើម្បី​សាកសួរ ជុំវិញ​អង្គហេតុ​៕