ផ្ទុះ​កំហឹង​​ទ្រាំ​លែង​កើត ក្លាយជា​ឃាតករ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​សាន់ ថាប់ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​មាសស្នេហ៍ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បានក្លាយ​ជា​ឃាតករ ​បន្ទាប់​ពី​​បង្កហិង្សា​ដោយ​ចេតនា ដោយ​យក​ចបជីក​វាយ​សំពង​យ៉ាង​ចាស់ដៃ​ទៅ​លើ​បុរស​ម្នាក់ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ចំនួន​៣​ចបជីក​បែក​ក្បាល​​ស្លាប់​ក្នុង​ថ្លុកឈាម ។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ ស្ថិត​ក្នុងភូមិ​មាសស្នេហ៍ កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ដោយ​ជន​បង្ក​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ តែ​សមត្ថកិច្ច​កំពុង​តែ​ស្វែ​ករក​ចាប់ខ្លួន ។

មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​២​រសៀល មនុស្ស​មួយ​ក្រុម​មាន​៣​នាក់​នាំ​គ្នា​ផឹកស៊ី​នៅផ្ទះ​របស់​បុរស​ឈ្មោះ​ខឿន ក្នុង​នោះ ក៏​មាន​បុរស​រង​គ្រោះ​ឈ្មោះ​អម អ៊​ន់ អាយុ​៤៦​ឆ្នាំ បាន​ផឹកស្រា​ថ្នាំ​ជាមួយនឹង​គេ​ដែរ ។ លុះ​រហូត​ដល់​វេលា​ម៉ោងជាង​៣​រសៀល ក៏​ឈប់​​ផឹក​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

ប្រភព​បន្ត​ថា ក្នុង​ពេល​ដែល​មក​ដល់​ផ្ទះ​របស់​ខ្លួន បុរស​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ដោយ​ប្រពន្ធ​ខ្លាច​ប្តី​វាយ​បាន​រត់
ចុះ​មក​ដី បុរស​រង​គ្រោះ​ដែល​ស្រវឹងស្រា​ក៏​បាន​និយាយ​ដៀមដាម​លើ​បុរស​ឈ្មោះ​ថាប់ មានផ្ទះ​ក្បែរ​គ្នា​នូវ​ពាក្យ​អសុរោះ​ជា​ច្រើន​។ បន្ទាប់​មក​ទៀត ក៏​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​តឹង​សរសៃ​.​ក ដោយ​ជនសង្ស័យ​ហៅ​បុរស​រង​គ្រោះ​ឱ្យ​ចុះ​មក​ដី ដើម្បី​វាយ​គ្នា
ឱ្យ​ដឹង​ដៃ​ម្តង ។

ក្នុង​ពេល​នោះ ជន​រង​គ្រោះ​មាន​កាន់​ដុំ​ថ្ម​បាន​គប់ ទៅ​លើ​បុរស​ចំណាស់ នៅ​ត្រង់​ផ្លូវ​រទេះ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៤០​ម៉ែត្រ ហេតុតែ​ក្តៅចិត្ត​ពេក​ទ្រាំ​មិន​បាន បុរស​ចំណាស់ (​ជនសង្ស័យ​) ដែល​មាន​ចបជីក​កាន់​ក្នុង​ដៃ បាន​វាយ​សំពង​យ៉ាង​ចាស់ដៃ ទៅ​លើ​បុរស​រង​គ្រោះ​ឈ្មោះ​អ៊​ន់ ត្រូវ​ក្បាល​៣​ចបជីក បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។