ចាក់សោ​ផ្ទះ​ទៅ​ចម្ការ ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ខ្ទេច

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ​៩​ម៉ែត្រ​គុណ​៧​ម៉ែត្រ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ពេល​ដែល​ម្ចាស់ផ្ទះ​ចាក់សោ​ផ្ទះ​ទៅ​ធ្វើ​ចម្ការ ​។ គ្រោះ​អគ្គិភ័យ​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក ជា ស្រុ​ន មេឃុំ​ព្រែក​តា​មា​ក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ចេ​ង គី​ម​ស្រ៊ា​ន់ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ សម្ភារ​ខូចខាត​រួម​មាន ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៩​ម៉ែត្រ​គុណ​៧​ម៉ែត្រ ក្នុង​នោះ​បណ្តាល​ឲ្យ​បាត់បង់ ​និង​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន ប្រាក់​ដុល្លា​១០០០​ដុល្លារ ទូកញ្ចក់​១​ធ្វើ​អំពី​ឈើ និង​គ្រែ​ឈើ​៣ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

លោកមេឃុំ​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​នេះ​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើ​បណ្តាល​ឲ្យ​ទុ​សេ​ខ្សែភ្លើង​ឆេះ​តែ​ម្តង តែ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ទេ​ព្រោះ​ផ្ទះ​ជន​រង​គ្រោះ​នៅ​ឆ្ងាយ​ដាច់​ពី​គេ ៕