ការ​ចុះ​បញ្ជិកា​កម្មករ​និយោជិត ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

ការ​ចុះ​បញ្ជិកា​កម្មករ​និយោជិត ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​



ភ្នំពេញ ​៖ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តម្រូវ​ឲ្យ​នាយក​សហគ្រាស គ្រឹះស្ថាន ចុះបញ្ជី​កម្មករ​និយោជិត​ក្នុង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​ឡើងវិញ​ ដើម្បី​ជៀសវាង​រាល់​បាតុភាព​ជាយ​ថា​ហេតុ ពី​បញ្ហា​ប្រឈម​មួយចំនួន អំពី​អត្តសញ្ញាណ​របស់​កម្មករ​និយោជិត​។​

យោង​តាម​សេចក្ដីជូនដំណឹង ស្ដីពី​របប​សន្តិសុខ​សង្គម ចុះ​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ក្រ​សួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​បាន​ដឹង​ថា ដើម្បី​អនុវត្ត​ផែនការ​យុត្តិសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៤-២០១៨ សំដៅ​ដល់​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​​ ដែល​ស្ថិត​​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ ជាពិសេស​ការរៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​ថែ​ទាំ​សុខភាព និង​ផ្នែក​សោធន ក្រសួង​តម្រូវ​ឲ្យ​ចុះ​បញ្ជី​កម្មករ​និយោជិត​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឡើងវិញ​។​

​កន្លងមក​ក្រសួង​សង្កេត​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយចំនួន អំពី​អត្តសញ្ញាណ ​របស់​កម្មករ​និយោ​ជិត ដូចជា ការខ្ចី​ឈ្មោះ​អ្នកដទៃ​ប្រើ ការ​ខុស​ឈ្មោះ ខុស​ភេទ ខុស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ការ​ខុស​ទីក​ន្លែង​កំណើត​ជាដើម ដែល​អាច​បង្ក​ឲ្យ​លេចចេញ​នូវ​បាតុភាព មិន​ប្រក្រតី​នានា ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស និយោជក និង​កម្មករ​និយោជិត មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់ តាមផ្លូវ​ច្បាប់​នា​នា​ទាក់ទង និង​ការ​ក្លែង​ឯកសារ ការបាត់បង់ អតីតភាព​នានា ការ​បង់​ថ្លៃ​សេវា​ពិនិត្យ​ការ​សម្បទា ប័​ណ្ណ​ការងារ សៀវភៅ​ការងារ បញ្ជិកា អង្គការ​វិជ្ជាជីវៈ ការ​បណ្ដេញ​ចេញពី​ការងារ ការចោទប្រកាន់​ចំពោះ ការប្រើប្រាស់​ពលកម្ម​កុមារ​។​

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​លើ​នេះ នឹង​ជៀសវាង​រាល់​បាតុភាព​ជាយថាហេតុ ម្ចាស់​នាយក​សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ កម្មករនិយោជិត និង​អង្គភាព ​ដែល​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​នូវ​គោ​ល​ការណ៍​មួយចំនួន គឺ មិន​ត្រូវ​ចាត់ទុកជា​កំហុស ចំពោះ​គ្រប់​រូប​ភាព​មិន​ប្រក្រតី​ខាងលើ​របស់​កម្មករ និយោជិត​។ នៅពេល​ចុះ​បញ្ជិកា​ឡើងវិញ កម្មករ​និយោជិត ដែល​មាន​បញ្ហា​ដូច​ខាង​លើ ត្រូវ​បាន​រក្សា​នូវ​សិទ្ធិ​ និង​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា​ អតីតភាព​ការងារ តួនាទី​ក្នុង​អង្គការ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ការងារ​។ ជាពិសេស និយោជក មិន​ត្រូវ​ទទួល​បាន​ការ​ចោទប្រកាន់​ថា​ ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​ឡើ​យ ចំពោះ​ករណី​កម្មករ​និយោជិត ប្រើ​អត្តសញ្ញាណ​ខុស​ប្រក្រតី​។ ចំពោះ​កម្មករនិយោជិត ដែល​ទទួ​ល​បាន​ការ​ធ្វើ​និយតកម្ម​អត្តសញ្ញាណ ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ មិន​តម្រូវ​ឲ្យ​មាន​បង់ថ្លៃ​សេវា​លើ​ការ​ពិនិត្យ​កាយសម្បទា ប័ណ្ណ​ការងារ សៀវភៅ​ការងារ និង​អង្គការ​វិជ្ជាជីវៈ​ឡើយ​។ នៅពេល​​ដែល​ជ្រើស​រើស​កម្មករនិយោជិត​ថ្មី សហគ្រាស គ្រឹះស្ថាន​ចាំបាច់​ត្រូវ​ទាមទារ​ឯកសារ បញ្ជាក់​អត្តសញ្ញាណ​របស់​សាមីខ្លួន ដូច​ដា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សេចក្ដីចម្លង សំបុត្រកំណើត ឬ​លិខិតឆ្លងដែន ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​ដំណើរការ​នៃ​ការ​ចុះ​បញ្ជិកា​ឡើង​វិញ ​កម្មករនិយោជិត ត្រូវ​បំពេញ​សលាកបត្រ​ព័ត៌មាន និង​មាន​ឯកសារ​ផ្ទាល់ ខ្លួន​សំខាន់ៗ រួមមាន​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សេចក្ដីចម្លង​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​៕

ការ​ចុះ​បញ្ជិកា​កម្មករ​និយោជិត ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

ការ​ចុះ​បញ្ជិកា​កម្មករ​និយោជិត ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​