ផឹក​ស្រា​ស្រវឹង ជិះ​ម៉ូតូ​ដួល​ប្រកាច់​ខ្លួនឯង​ ពេញ​ថ្នល់ជាតិ​​

ផឹក​ស្រា​ស្រវឹង ជិះ​ម៉ូតូ​ដួល​ប្រកាច់​ខ្លួនឯង​ ពេញ​ថ្នល់ជាតិ​​



បន្ទាយមានជ័យ ៖ យុវជន​២​នាក់ នាំគ្នា​ផឹក​ស្រា​ស្រវឹង​រៀងខ្លួន​ ក៏​បបួល​គ្នា​វិល​ត្រឡប់មកផ្ទះ​វិញ​ក្នុង​ល្បឿន​លឿន​ ដោយ​សុរា​ចូល​ពោះ ​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​ ក៏​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ប្រកាច់​ពេញ​ថ្នល់ជាតិ​បណ្ដាល​ឲ្យ​អ្នក​រួម​ដំណើរ​របួសធ្ងន់ ​រីឯ​អ្នក​បើក​របួសស្រាល កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ត្រាង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន ១-​ឈ្មោះ វ៉ាយ រ៉ា​ពេជ្រ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង​ ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ​២​-មានឈ្មោះ​ ណ​ក់ ​ផល្លី​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ។​

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ បុរស​ទាំង​២​នាក់​បាន​នាំ​គ្នា​ផឹក​ស្រា​តាំងពី​ព្រលប់​រហូត​ដល់​កណ្តាល​យប់​ស្រវឹង​រៀងខ្លួន​។​

ក្រោយពី​ស្រវឹង​ហើយ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ ស៊េរី​2014 ​ពណ៌​ខ្មៅ ​ស្លាក​លេខ​បន្ទាយមានជ័យ​ជ​1l 8768 ​វិល​ត្រឡប់មកផ្ទះ​វិញ ​លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​នោះ ​ស្រាប់តែ​ជិះ​រេ​ពេញ​ថ្នល់ ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ប្រកាច់​ពេញ​ថ្នល់ជាតិ​ ធ្វើ​ឲ្យ​អ្នក​បើក​របួសស្រាល​ និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​របួសធ្ងន់​។ ​អ្នក​របួស​ធ្ងន់​ ត្រូវ​បាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ភ្នំស្រុក៕​