កម្ពុជា​សង្ឃឹម​ថា​នឹង​​ទទួល​បាន​​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជា​៧,៥​លាន​នាក់​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០

កម្ពុជា​សង្ឃឹម​ថា​នឹង​​ទទួល​បាន​​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជា​៧,៥​លាន​នាក់​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០



សៀមរាប​ ៖ ​លោក​ប៉ាក់ សុខុម​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណវុឌ្ឍិ​អ្នក​ជំនាញ​ទេសចរណ៍​ជាតិ ​និង​អាស៊ាន ​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ ​នា​ទី​ក្រុង​សៀមរាប​អង្គរ​ថា ​៖ ​ជា​រៀងរាល់​ឆ្នាំ ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រួម​ចំណែក​ប្រមាណ​ជា​១៦%​ នៃ​ផលិតផល​ក្នុងស្រុក​(GDP)។

ជាក់ស្ដែង នៅ​ឆ្នាំ​២០១៥​កន្លង​មក​នេះ​ ​វិស័យ​ទេសចរណ៍​កម្ពុជា​សម្រេច​បាន​៦,១% ជាមួយ​នឹង​ការ​មក​ដល់​នៃ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជា៤​លាន៨​សែន​នាក់ ​​ក្នុង​នោះ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តំណាង​ឲ្យ​៧៤.១%(​អាស៊ាន​ប្រមាណ​៤៤.៣%)​ ទ្វីប​អឺរ៉ុប​តំណាង​ឲ្យ​១៨.៣% ទ្វីប​អាមេរិក​តំណាង​ឲ្យ​៧.២% ​ទ្វីប​អាហ្វ្រិក​ និង​តំបន់​មជ្ឈិមបូព៌ា​តំណាង​ឲ្យ​០.៥%។ រយៈពេល​២​ខែ​ដើម​ឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ប្រមាណ​ជា​៩១​ម៉ឺន ៤​ពាន់​នាក់ ជាមួយ​នឹង​កំណើន​២.៧% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៥ ហើយ​កម្ពុជា​ក៏​សង្ឃឹម​ផង​ដែរ​ថា ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ប្រមាណ​ជា​៧,៥​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០​ និង​នាំ​មក​នូវ​ចំណូល​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​បង្កើន​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ប្រមាណ​ជា​១​លាន​នាក់។

លោក​ប៉ាក់ សុខុម​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ៖​ តាម​ការ​ព្យាករ​​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO) ប្រទេស​ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ ដែល​ទទួល​ភ្ញៀវ​ទេសចរ​​​អន្តរជាតិ​ច្រើន​ជាងគេ ហើយ​និង​មាន​ភ្ញៀវ​ទេសចរ​​ចេញ​ក្រៅ​ប្រទេស​ច្រើន ជាងគេ​លើ​ពិភពលោក ប្រមាណ​ជា (២០០​លាន​នាក់ ឬ អាច​ច្រើនជាង​នេះ) ​និង​បាន​ផ្ដល់​កាលានុវត្តភាព​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ការ​ចាប់​យក​ភ្ញៀវ​ទេសចរ​​ចិន ដ៏​ច្រើន​សន្ធឹកសន្ធាប់។

ក្នុង​នោះ​ដែរ​ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ ដែល​យុទ្ធសាស្ត្រ​ទាំងនេះ គឺ​ទីផ្សារ​ទេសចរណ៍​ចិន និង​សៀវភៅ​​ស្ដីពី​( China Ready ) សម្រាប់​ទេសចរណ៍​កម្ពុជា ហើយ​រំពឹងថា​នឹង​ទទួលបាន ទេសចរ​​ចិន​ប្រមាណ​ជា​២​លាន​នាក់ នៅ​ឆ្នាំ​២០២០ ខណៈ​ពេល​កម្ពុជា​ត្រៀម​អនុវត្ត​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង​3Yer Multiple Visa ដើម្បី​សម្រួលការ​ធ្វើដំណើរ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ចិន​ មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​នៅ​ឆ្នាំ ២០១៦​នេះ។ ដើម្បី​ទ្រទ្រង់​នូវ​សេចក្ដី​ត្រូវការ​ខាង​លើ ​អ្នក​ជំនាញ​ទេសចរណ៍​ដែល​មាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ ធានា​បាន​នូវ​ឧត្ដមភាព​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ក្រសួង​ទេសចរណ៍ ​និង​គណៈកម្មការ​ជាតិ​ជំនាញ​ទេសចរណ៍​បាន​រៀបចំ​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណវុឌ្ឍិ​អ្នក​ជំនាញ​ទេសចរណ៍​ជាតិ​ និង​អាស៊ាន ដែល​យន្តការ​នេះ ​នឹង ជំរុញ ឲ្យ​មានការ​ទទួល​ស្គាល់​គុណវុឌ្ឍិ​ទេសចរណ៍​កម្ពុជា ក្នុង​កម្រិត​ជាតិ​ និង​អាស៊ាន ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​អ្នក​ជំនាញ​ជ្រើសរើស​វិថី​សិក្សា​សមស្រប​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ និង​ផ្សព្វផ្សាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ឲ្យ​មានការ​យល់ដឹង​កាន់តែ​ច្បាស់​ អំពី​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕


កម្ពុជា​សង្ឃឹម​ថា​នឹង​​ទទួល​បាន​​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជា​៧,៥​លាន​នាក់​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០

កម្ពុជា​សង្ឃឹម​ថា​នឹង​​ទទួល​បាន​​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជា​៧,៥​លាន​នាក់​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០