អ្នកជំនាញការ​សន្តិសុខ​អាកាសចរ​ស៊ីវិល​អន្តរជាតិ ​មក​ជួយ​ពិនិត្យមើល​ប្រព័ន្ធ​ការពារ​សន្តិសុខ​អា​កា​សចរណ៍​កម្ពុជា​

អ្នកជំនាញការ​សន្តិសុខ​អាកាសចរ​ស៊ីវិល​អន្តរជាតិ ​មក​ជួយ​ពិនិត្យមើល​ប្រព័ន្ធ​ការពារ​សន្តិសុខ​អា​កា​សចរណ៍​កម្ពុជា​



ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ ទទួលបន្ទុក​ទីស្ដីការ​គ​ណៈ​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​ លោក Hondo Gratton អ្នកជំនាញការ​សន្តិសុខ​អាកាសចរ​ស៊ីវិល​អន្តរ​ជា​តិ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​នា​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​វិមាន​មិត្តភាព​។​

លោក ប៊ុន រដ្ឋា នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​នោះ​ថា លោក Hondo Gratton ជា​ជនជាតិ​អូស្ត្រាលី ជំនាញការ​សន្តិសុខ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ ដែល​មា​ន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្នុង​ការដែល​លោក​អញ្ជើញ​មក​កម្ពុជា​នេះ​គឺ​ដើម្បី​ជួយ​ពិនិត្យមើល​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី នៅ​ភ្នំពេញ ព្រះសីហនុ​និង​ខេត្តសៀមរាប​។​ លោក​បាន​បន្ត​ថា នៅក្នុង​កិច្ចពិភាក្សា​នេះ​បាន​លើក​ឡើង​អំពី​បញ្ហា​ ដែល​ត្រូវធ្វើ​ការ​បន្ត​ទាក់ទង​នឹង​ការ​ឧបករណ៍​ការពារ​សន្តិសុខ សុវត្ថិភាព​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី ដូចជា​គម្រោង​ក្នុង​ការ​សាងសង់​របង​ជុំវិញ​អាកាសយានដ្ឋាន ​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​សុវត្ថិ​ភាព ​របស់​អាកាស​យានដ្ឋាន​ជាដើម​។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជំរុញ​ ដល់​ក្រុមការងារ​ខិតខំ​បំពេញការងារ ​ដែល​ជា​កង្វះ​ខាត ឲ្យ​បាន​រួសរាន់​ទាន់​ពេលវេលា ​និង​ឲ្យ​បាន​រួចរាល់​មុន​ពេល​ដែល​អង្គការ​អាកាសចរណ៍​អន្តរជាតិ​មក​ធ្វើ​សវនកម្ម ដែល​គម្រោង​ធ្វើ​សវនកម្ម​នេះ​នឹង​ធ្វើឡើង​ក្នុង​អំឡុង​ខែតុលា​ឆ្នាំ​២០១៦​ខាងមុខនេះ​៕