ចំណាយ ៣០លានដុល្លារ សម្រាប់គម្រោងជួសជុលស្តារ ស្ពានជ្រោយចង្វា

ភ្នំពេញ:
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង សម្រាប់ការជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វា) រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្ម Central Consultant Inc, ដែលតំណាងដោយលោក Teruo Nakagawa ប្រធានទីប្រឹក្សា។

 
លោកទេសរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងអបអរសាទរចំពោះក្រុមហ៊ុន ដែលត្រូវបានជ្រើសរើស ជាក្រុមហ៊ុន ទីប្រឹក្សាជំនាញ សម្រាប់គម្រោងនេះ ដោយអង្គការ JICA។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វា) ត្រូវបានកសាងឡើង ពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ ១៩៦៣ ដែល មានប្រវែង ១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញនៅក្នុង ឆ្នាំ១៩៧២ និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤។ នៅឆ្នាំ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា៖ ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។ ដោយសារស្ពាននេះ ដើរតួនាទីជាសរសៃឈាមដ៏មានសំខាន់ សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាដើម្បីជួសជុលស្ពាននេះឡើងវិញក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន។ គម្រោងដែលត្រូវ ចំណាយជាទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិកនេះ ត្រូវបានអនុវត្តដោយអង្គការJICA ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២២ខែ។