ចិន​បន្ត​បើកទ្វារ​ទំនប់​ទម្លាក់​ទឹក​មក​ទន្លេមេគង្គ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា ប្រទេស​ចិន​បាន​បង្កើន​ទំហំ​ទឹក​ទម្លាក់​ពី​ទំនប់​វា​រី​អគ្គិសនី JONGHONG ស្ថិត​ក្នុង​ខេត្ត​យុន​ណា​ន់​ឆ្ពោះ​មក​កាន់​ទន្លេមេគង្គ​ខាងក្រោម ។

ថ្ងៃ​ទី​២១ មេ​សា ទឹក​ដែល​មាន​ទំហំ​១.៥០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ត្រូវ​បាន​បើក​ទម្លាក់ ហើយ​ប្រតិបត្តិការ​នេះ​នឹង​មាន​រហូត​ដល់​ថ្ងៃ​ទី​៣១ ឧសភា ។

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម លោក CAO DUC PHAT ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​ក្រុង​ហាណូយ ដើម្បី​ស្នើ​សុំ​ការ​ជួយ​ទ្រទ្រង់​សំដៅ​អនុវត្ត​ផែនការ​ធ្វើ​អន្តរាគមន៍​បន្ទាន់​សម្រាប់​ទប់ទល់​នឹង​គ្រោះ​រាំង​ស្ងួត និង​ការ​ជ្រាប ឬ​ហូរ​ចូល​នៃ​ទឹកប្រៃ ។

លោក CAO DUC PHAT ថ្លែង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​កើនឡើង​ក្នុង​ពាក់កណ្តាល​ដំបូង​នៃ​ខែមេសា ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ជ្រាប​ចូល ឬ​ហូរ​ចូល​នៃ​ទឹកប្រៃ ។ ក៏​ប៉ុន្តែ​កម្ពស់​ទឹកបាន​ស្រក​ចុះ​វិញ​យ៉ាង​ឆាប់​ជាមួយ​ការ​វិល​ត្រឡប់ និង​ការ​ហូរ​ចូល​វិញ​នៃ​ទឹកសមុទ្រ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ។

ការ​ទម្លាក់​ថ្មី​នៃ​ទឹក​ទំនប់​នឹង​រួមចំណែក​សម្រាល​សភាពការណ៍​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ដីសណ្ត​ទន្លេមេគង្គ ។ ទឹក​ដែល​ទម្លាក់​មក​នឹង​មក​ដល់​វៀតណាម រយៈពេល​ពី​១៨​ទៅ​២០​ថ្ងៃ ។

តាម​សំណើ​របស់​បណ្តា​ប្រទេស​នៅ​ជាប់​ទន្លេមេគង្គ​ប្រទេស​ចិន​បាន​បើក​ទម្លាក់​ទឹក ពី​ថ្ងៃ​ទី​១៥ មក​១០ មេ​សា ពី​ទំនប់​នៃ​មជ្ឈមណ្ឌល​វា​រី​អគ្គិសនី JINGHONG ជាមួយ​ទំហំ​ទឹក​២.១៩០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ។

គ្រោះ​រាំង​ស្ងួត និង​ការ​ជ្រាប ឬ​ហូរ​ចូល​នៃ​ទឹកប្រៃ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ឈាន​ដល់​កម្រិត​កំពូល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៩០​ឆ្នាំ​មក​ហើយ នៅ​វៀតណាម​ញ៉ាំង​ឱ្យ​មានការ​ព្រួយបារម្ភ​របស់​កសិករ​ជា​ច្រើន​លាន​នាក់​នៃ​តំបន់​មាន​ជីវជាតិ​នេះ ។ មក​ទល់​ពេល​នេះ​ទីក្រុង និង​ខេត្ត​ដល់​ទៅ​២០​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត និង​ការ​ជ្រាប ឬ​ហូរ​ចូល​នៃ​ទឹកប្រៃ​ញ៉ាំង​ឱ្យ​មានការ​ខូចខាត​ដីស្រែ​១៦០.០០០​ហិ​កតា ៕