ក្រុម​តំណាងរាស្ត្រ CNRP ថ្កោលទោស ACU

រាជធានី​ភ្នំពេញ ៖ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ឃុំខ្លួន​មេឃុំ​គណបក្ស​សមរ​ង្ស៊ី និង​មន្ត្រី​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​និង​មន្ត្រី​គ​.​ជ​.​ប ថា​ជា​សកម្មភាព​មិន​ប្រក្រតី​ដោយ​តក់ក្រហល់ មិន​សម​ហេតុផល និង​ជា​ល្បែង​នយោបាយ​សំដែង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) ហើយ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​តុលាការ ដើម្បី​នាំ​មក​នូវ​ភាព​ភ័យ​ខ្លាច​និង​ការ​យាយី​រំខាន​ដល់​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​របស់​មន្ត្រី​សិ​ទ្ឋិ​មនុស្ស និង​សមាជិក​គណបក្ស​ដែល​មិន​នៅ​ក្នុង​រដ្ឋាភិបាល ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ក៍បាន​ប្រកាស​ថ្កោលទោស ACU និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ពិសេស​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ អន្តរាគមន៍​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាមកំហែង និង​ការ​យាយី​តាម​គ្រប់​រូបភាព​ដល់​អង្គការ​សង្គម​ស៊ី​វិល អ្នក​ការពារ​សិ​ទ្ឋិ​មនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​គណបក្សជំទាស់​ទាំងអស់ និង​សូម​ឲ្យ​ដោះ​លែង​មន្ត្រី​សិ​ទ្ឋិ​មនុស្ស​ទាំង​៥​រូប ព្រមទាំង​សមាជិក​ព្រឹ​ទ្ឋ​សភា លោក ហុង សុខ​ហួរ លោក​តំណាងរាស្ត្រ អ៊ុំ សំ​អាន និង​សកម្មជន​គណបក្ស​ន​យ​បាយ​ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ​ទាំងអស់ ។

មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជុំវិញ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ ៕