លោក ​កឹម សុខា-ឆ្អឹង​ឆ្លាក់​ទទឹង​ក

ចេញពីចំណុចចោទប្រកាន់ពីអាថ៌កំបាំងស្នេហាមួយ លោកកឹម សុខា កំពុងស្ថិតក្នុងគំនៀបនយោបាយដែលធ្វើឲ្យលោកទទួលភាពអាម៉ាស់ផង និងទទួលរងការបំបាក់ស្មារតីផង។
ស្ថានភាពនេះតម្រូវឲ្យគណបក្សប្រឆាំងឬលោកកឹម សុខា ខ្លួនឯងរិះរកវិធីឆ្លើយតបមួយចំនួនដើម្បីបន្សាបឥទ្ធិពលគូប្រជែងរបស់ខ្លួនដែលកំពុងតែវាយលុក។

បទវិភាគរបស់គង់ សុឋានរិទ្ធ៖

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិហាក់ដូចជាកំពុងតែឆ្លាក់ឆ្អឹងទទឹងក ខណៈដែលគណបក្សកាន់អំណាចដែលជាគូប្រជែងបានរុញសំណុំរឿងស្នេហាលួចលាក់ដែលត្រូវអះអាងថាទាក់ទងរូបលោកឲ្យទៅមុខដោយមិនបន្ធូរដៃ។

បន្ទាប់ពីយុវជនមួយក្រុមដែលអះអាងថាជាក្រុមនិស្សិតបរាជ័យក្នុងការព្យាយាមចាប់បង្ខំលោកកឹម សុខាឲ្យបកស្រាយសំណុំរឿងអាស្រូវនេះជាសាធារណៈ មេឃុំគណបក្សសង្គ្រោះជាតិ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអគ្គលេខាធិការរងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាប់ខ្លួន និងចោទប្រកាន់ដោយតុលាការក្រុងភ្នំពេញដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងសំណុំរឿងស្នេហានេះ។ រួមទាំងលោកអ៊ូ វីរៈ អ្នកវិភាគនយោបាយល្បីឈ្មោះមួយរូបនៅកម្ពុជាក៏ធ្លាក់ក្នុងរណ្តៅនេះដែរ។

លោក ​កឹម សុខា-ឆ្អឹង​ឆ្លាក់​ទទឹង​ក

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ |RFI/ kem sokha

ការរីករាលដាលនេះផុសចេញពីចំណុចតែមួយដោយភាពប៉ិនប្រសព្វបំផុត។ ការណ៍នេះធ្វើឲ្យគេជឿថាដើមចមរបស់បញ្ហាមានប្រភពចេញពីលោកកឹម សុខា តែម្នាក់គត់។ ហើយទំនងជាផ្នែកមួយទៀតនៃការចាប់បង្ខំឲ្យអនុប្រធានគណបក្សប្រឆាំងចេញមុខដោះស្រាយដោយផ្ទាល់។ ប៉ុន្តែសំណួរសួរថាតើលោកកឹម សុខា អាចនឹងចេញមុខដោះស្រាយជាចំហបានដែរឬទេ?

ពិតហើយថាសំណុំរឿងចោទប្រកាន់អំពីស្នេហាលួចលាក់លោកកឹម សុខា នេះបានក្លាយជាដុំពពកខ្មៅមួយផ្ទាំងធំកំពុងគ្របពីលោកគណបក្សសង្គ្រោះជាតិ។ហើយវាបានដាក់ឲ្យលោកកឹម សុខា ស្ថិតក្នុងស្ថានភាពឆ្លាក់ឆ្អឹងក្នុងបំពងកងាកខ្លួនមិនរួច។ ពោលគឺលោកចេញមុខដោះស្រាយដោយផ្ទាល់ក៏ពិបាក។ ហើយវារឹតតែពិបាកទៅទៀតបើសិនជាលោកនៅតែបណ្តែតបណ្តោយឲ្យរឿងរ៉ាវនេះកាន់តែវិវត្តន៍ឥតថយក្រោយបែបនេះ។

ប៉ុន្តែបញ្ហានៅត្រង់ថាតើលោកកឹម សុខា ចេញមុខដោះស្រាយដោយវីធីណា។ បើសិនជាលោកបកស្រាយដោយច្រានចោលបញ្ហានានានោះ។ តើអាចធ្វើឲ្យគេជឿថាខ្សែអាត់សម្លេងដែលត្រូវគេផ្សព្វផ្សាយនោះមិនមែនជាសម្លេងរបស់លោកដែរឬទេ? ហើយថាតើមានការប្រឌិតសម្លេងរបស់លោកដោយវិធីបែបណា? និងមានផែនការរៀបចំទុកបែបណាដើម្បីដាក់រូបលោកជាផ្ទាំងស៊ីបនោះ?

ផ្ទុយទៅវិញប្រសិនបើលោកហ៊ានសារភាពថាខ្សែអាត់សម្លេងនោះជាសម្លេងរបស់លោក នោះផលវិបាកនឹងធ្ងន់ធ្ងរបែបណាចំពោះរូបលោក ចំពោះអាជីពនយោបាយរបស់លោក និងហានិភ័យចំពោះគណបក្សប្រឆាំង។ នេះហើយគឺជាដុំឆ្អឹងដែលកំពុងស្ថិតនៅពាក់កណ្តាលបំពង់ការរបស់មេដឹកនាំលំដាប់ទី២របស់បក្សប្រឆាំង។ ពីព្រោះថាបើលោកមិនចេញមុខដោះស្រាយបញ្ហារកខុសរកត្រូវដោយផ្ទាល់នោះគូប្រជែងនយោបាយរបស់លោកនឹងពង្រីកដែនវាយប្រហារបន្តិចម្តងៗជាវគ្គនិងភាគដូចសម្លកំពិស។ ហើយនៅទីបំផុតសំណុំរឿងនេះនៅតែវិលវល់ជុំវិញការចោទប្រកាន់មកលើរូបលោកមិនងាយនឹងចប់ដែលធ្វើឲ្យមានការភ័ន្តច្រឡំ ក្នុងការទម្លាក់ការទទួលខុសត្រូវលើបុគ្គលតែម្នាក់គត់គឺរូបលោកដែលជាអនុប្រធានគណបក្សប្រឆាំងនេះឯង។

ចុះបើលោកបកស្រាយឬទទួលស្គាល់រឿងរ៉ាវដូចការចោទប្រកាន់នោះតើអាចបញ្ចប់បញ្ហាទេ?

ចម្លើយយ៉ាងឆាប់រហ័សនោះ គឺថាមិនអាចទេ។ មិនអាចពីព្រោះថាតុលាការមានភស្តុតាងពិតប្រាកដនិងច្បាស់លាស់បើសិនជាលោកចង់បញ្ចប់បញ្ហាដោយការទទួលស្គាល់រឿងហេតុដែលកើតឡើង។ វាកាន់តែធ្វើឲ្យមានភាពងាយស្រួលក្នុងការចាប់ឃាត់ខ្លួនរូបលោក និងចោទប្រកាន់តាមផ្លូវច្បាប់។ ហើយវាពិតជាងាយស្រួលក្នុងការចងជើងរូបលោកពីអាជីពនយោបាយនិងចាប់ឃុំខ្លួនរូបលោក។

ចុះបើសិនរឿងរ៉ាវស្នេហាខាងលើមិនមែនជាការពិតហេតុអ្វីលោកមិនលះបង់ពេលវេលាធ្វើការបកស្រាយឲ្យបានច្បាស់លាស់ទោះបីតាមវិធីណាក៏ដោយ។ ជាពិសេសបើសិនមែនជាការពិត វានឹងមានសារៈសំខាន់ក្នុងការបង្ហាញថាគូប្រជែងនយោបាយបានរៀបចំផែនការប្រកបដោយពុតត្បុតប្រឆាំងនឹងរូបលោក។ ដូចពាក្យខ្មែរពោលថាគេអាចគេចវេសពីបញ្ហាបានមួយថ្ងៃប៉ុន្តែមិនអាចគេចបានរហូតនោះទេ។

ដោយឡែកបើផ្អែកតាមសុភាសិតបារាំងដែលនិយាយថាក្នុងចំណោមការឈឺចាប់ពីរត្រូវចេះជ្រើសរើសយកការឈឺចាប់មួយណាដែលស្រាលជាង នោះមានន័យថាគឺជាអ្វីដែលលោកកឹម សុខា កំពុងអនុវត្តន៍នៅពេលនេះ។ វិធីទី២នេះអាចនឹងទុកច្រកខ្លះឲ្យលោកកឹម សុខា បន្តដឹកនាំនយោបាយមួយរយៈទៅមុខទៀតក្នុងខណៈដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចូលស្រុកលែងបានដោយសារការចោទប្រកាន់របស់តុលាការ។ ប៉ុន្តែវានៅមិនប្រាកដនៅឡើយថាគូប្រជែងនយោបាយរបស់លោកអាចទុកផ្លូវមួយសម្រាប់លោកដើរបានយូរអង្វែងនោះ។

ការបង្កើនភាពអាម៉ាស់ទម្លាក់លើលោកកឹម សុខា អាចនឹងធ្វើឲ្យលោកកឹម សុខា ដកខ្លួនទៅសម្រាកនៅក្រៅប្រទេសមួយរយៈដោយទុកឲ្យមន្ត្រីថ្នាក់ក្រោមដឹកនាំនយោបាយដោយមិនមានក្បាលម៉ាស៊ីនទាំងពីររបស់គណបក្ស គឺលោកសម រង្ស៊ី និងលោកកឹម សុខា។ នៅពេលនោះគណបក្សប្រឆាំងអាចនឹងទទួលរងផលប៉ះពាល់ប្រសិទ្ធិភាពការងារដោយពិបាកចៀសរួច។ ដូច្នេះវិធីដែលល្អគឺមានតែគណបក្សប្រឆាំងនិយាយជារួម។ និយាយដោយឡែកគឺលោកកឹម សុខា ខ្លួនឯងត្រូវប្រឹងប្រែងរកវិធីសាស្ដ្របកស្រាយ ឬវាយបកដោយប្រសិទ្ធិភាពបែបណាដើម្បីការពារខ្លួនឬជម្រះមន្ទិលដែលកំពុងតែគ្របដណ្តប់លើបក្សប្រឆាំងនៅពេលនេះ៕

ប្រភពៈ RFI