នឹក​ស្មាន​មិន​ដល់ ! ម្ដាយ​ចង​.​ក កូនស្រី​ផឹកថ្នាំ​បំពុល

នឹក​ស្មាន​មិន​ដល់ ! ម្ដាយ​ចង​.​ក កូនស្រី​ផឹកថ្នាំ​បំពុល



ខេត្ត​ត្បូងឃ្មុំ ៖ រឿងហេតុ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំរ​ការ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​នារី​វ័យក្មេង​ជា​កូន​ម្នាក់​បាន​ផឹកថ្នាំ​បំពុល​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ ខណៈ​ម្តាយបង្កើត​ក៏​បានរ​ត់ទៅ​ចងក​ប៉ង​សម្លាប់​ខ្លួន​ដែរ​តែ​ត្រូវ​បាន​អ្នក​ជួយ​សង្គ្រោះ​ទាន់ ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ដែល​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​នោះ​ឈ្មោះ អឿ​ន ស្រី​ម៉ាច អាយុ​២៥​ឆ្នាំ ។

ប្រភព​ពី​អ្នក​ជិតខាង​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ម្តាយ​និង​កូនស្រី​បាន​ឈ្លោះ​គ្នា​ដោយសារ​តែ​កូនស្រី​បាន​សុំ​ម្តាយ​ឲ្យ​យល់ព្រម​រៀប​ការ​នាង​ជាមួយ​បុរស​ម្នាក់​ដែល​នាង​ស្រលាញ់ ដែល​ធ្លាប់​បាន​ចូល​ស្តីដណ្ដឹង​នាង​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ម្តាយ​នាង និង​ម្តាយមីង​នាង​នៅ​តែ​មិន​យល់ព្រម​ឲ្យ​នាង​រៀប​ការ​ជាមួយ​បុរស​ម្នាក់​នោះ​ឡើយ ។

ជម្លោះ​រវាង​កូនស្រី និង​ម្តាយ​កាន់តែ​ខ្លាំង​ទៅ​ៗ​រហូត​អ្នក​ជិតខាង​ឮ​កូនស្រី​ស្រែក​គំរាម​ម្តាយ​ថា «​បើ​ម៉ែ​ឯង​មិន​ព្រម​ការ​ឲ្យ​ទេ ខ្ញុំ​នឹង​ផឹកថ្នាំ​សម្លាប់​ខ្លួន​» ពេល​នោះ​គេ​ក៏​ឮ​ស្ត្រី​ជា​ម្តាយ​បាន​គំរាម​តប​ទៅ​កូន​វិញ​ដែរ​ថា «​បើ​ឯង​ផឹកថ្នាំ ម៉ែ​ក៏​ចងក​សម្លាប់​ខ្លួន​ដែរ​» ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​មួយសន្ទុះ កូនស្រី​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់​បិទទ្វារ​ជិត ខណៈ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ស្ត្រី​ជា​ម្ដាយ​ក៏​បានរ​ត់ទៅ​ចងក​ប៉ង​សម្លាប់​ខ្លួន​ដែរ​តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​ទាន់​ពេល ។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​ស្ត្រី​ជា​ម្ដាយ​ហើយ អ្នក​ជិតខាង​ក៏​នាំ​គ្នា​ទៅ​ទម្លាយ​ទ្វារ​បន្ទាប់​កូនស្រី​ក្រែងលោ​នាង​ផឹកថ្នាំ​បំពុល​ធ្វើ​អត្តឃាត ។ ពិត​ដូច​ជា​ការ​គិត​មែន ពេល​ទម្លាយ​ទ្វារ​បន្ទប់​ហើយ​គេ​ឃើញ ស្រី​ម៉ាច ដែល​ជា​កូនស្រី​កំពុង​ប្រកាច់​បែកពពុះមាត់​ក៏​ព្យាយាម​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ៕