សិប្បកម្ម​ក្រមា​ឃ្លះ​ នៅតែ​បន្ត​ទំនៀមទម្លាប់​រក្សា​អត្តសញ្ញាណ ​​ក្នុងស្រុក​បរសេដ្ឋ​ដដែល​

សិប្បកម្ម​ក្រមា​ឃ្លះ​ នៅតែ​បន្ត​ទំនៀមទម្លាប់​រក្សា​អត្តសញ្ញាណ ​​ក្នុងស្រុក​បរសេដ្ឋ​ដដែល​



កំពង់ស្ពឺ​ ៖ ក្រមា​ឃ្លះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ក្រមា​មួយ​ ដែល​មាន​ប្រវត្តិ​ទំនៀមទម្លាប់​នៅក្នុង​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ដោយសារ​ការ​តម្បាញ​ក្រមា​ធ្លាក់​ផ្សំ​ឡើង​ពី​ដើម​ត្រុំ ឬ​ហៅថា​ដើម​ឃ្លះ ដែល​មាន​ពណ៌​ក្រមៅ ហើយ​ត្រូវ​បាន​ដូនតា​បន្សល់ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​មក​ទៀត និង​កេរ្តិ៍ឈ្មោះ​ក្រ​មា​ឃ្លះ ចាប់ផ្តើម​ងើបឡើង​វិញ​ក្នុង​ឆ្នាំ​១៩៧៩។​
​ ​
ប្រភព​ដើម​នៃ​តម្បាញ​ក្រមា​ឃ្លះ លោក ទូច វី អតីត​មេឃុំ​បរសេដ្ឋ​ ដែល​បច្ចុប្បន្ន​លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បាន​ឲ្យ​ដឹង​ថា ក្រមា​ឃ្លះ​កកើត​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ​ដោយ​សម័យ កាលណោះ មា​ន​ការ​ដាំ​ដើម​ត្រុំ ឬ​ដើម​ឃ្លះ​មាន​ទំនៀមទម្លាប់​យក​សំបក​មក​ត្រាំ​ទឹក​ ជាមួយនឹង​អំបិល​ឲ្យ​​រលួយ ហើ​យ​យក​កំណក ​ដែល​មាន​ពណ៌​ក្រមៅ មក​ស្ងោ​ជ្រលក់​ជាមួយ​ ហើយ​មក​ហាល​ឲ្យ​ស្ងួត​ទើប​ឲ្យ​​បាយ (​បបរ​) ដើម្បី​កុំ​ឲ្យ​ចេញ​ពណ៌​រក្សា​ពណ៌​បាន​ល្អ​យូរ រួចហើយ រវៃ​ដាក់​រហាត់​ខ្នារ។

លោក វី បន្ត​ថា ​ក្រមា​ឃ្លះ​លក្ខណៈ​ពិសេស​សាច់​ក្រមា​ទន់ មិន​ហើរ​ពណ៌ និង​មាន​ពណ៌​ក្រមៅ​ស្រទន់​ដែល​កត់សំគាល់​ភូមិសាស្ត្រ ក្រមា​ឃ្លះ​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ផលិតកម្ម ជា​មធ្យម​ផលិត​បាន​ចាប់ពី ៧-១០​ក្រមា គ្រួសារ​/​ថ្ងៃ។ អ្នក​ត្បាញ​ក្រមា ការ​ត្បាញ​រវៃ​ជា​មុខរបរ​បន្ទាប់បន្សំ​របស់​អ្នកស្រុក​បរសេដ្ឋ ប្រជាជន​ក្នុង​ឃុំ​ផុង ឃុំ​ពោធិ៍​ម្រា​ល ឃុំ​បរសេដ្ឋ ស្រុក​បរសេដ្ឋ ចំនួន​ជិត ២០០​គ្រួសារ​បាន​នាំ​គ្នា​ត្បា​ញ​ក្រមា​ឃ្លះ​ ដើម្បី​បង្កើន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ។ ទីផ្សារ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង រាជធានី​ភ្នំពេញ។

មកដល់​បច្ចុប្បន្ន​នេះ លោក ទូច វី បញ្ជាក់​ថា ក្នុង​ឃុំ​បរសេដ្ឋ​ ដែល​ពីមុន​មាន​អ្នក​ត្បាញ ៧០-៨០​ផ្ទះ​តែ​ឥឡូវ​មាន​ប្រមាណ​៣០​ផ្ទះ​ប៉ុណ្ណោះ​ ដែល​ប្រកបមុខរបរ​ត្បាញ​ក្រមា​ឃ្លះ​នេះ ​ក៏​ដោយសារ​ក្មេង​ជំ​នាន់​ក្រោយ​មិនបាន​ចាប់អារម្មណ៍​ទៅ​នឹង​តម្បាញ​បុរាណ មួយ​នេះ​ទេ ដោយ​ងាក​ទៅ​រក​ការងារ​រោង​ចក្រ​ច្រើន​ ក៏​ដោយសារ​ទទួល​បាន​នូវ​បៀវត្សរ៍​ច្រើន​ផង​ដែរ​។ ក្រមា​ជា​ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ខ្មែរ​តាំងពី​បុរាណកាល ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​មុខងារ។ ក្រមា​ឃ្លះ​ផលិត​ពី​អំបោះ​ចម្រុះ​ពណ៌​ ដែល​មាន​ស្រាប់​ផលិតករ​គ្រាន់តែ​មក​ត្បាញ​ឲ្យ​ចេញ​ជា​ទម្រង់​ក្រមា​ ដែល​មាន​ទំហំ ០.៨ x ១.៨២ ម៉ែត្រ តាម​ស្តង់ដារ​ក្នុងស្រុក៕

សិប្បកម្ម​ក្រមា​ឃ្លះ​ នៅតែ​បន្ត​ទំនៀមទម្លាប់​រក្សា​អត្តសញ្ញាណ ​​ក្នុងស្រុក​បរសេដ្ឋ​ដដែល​