ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​គ្នា​ពេលយប់ ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់​

ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​គ្នា​ពេលយប់ ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់​



តាកែវ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​០៣ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង បុក​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ស្លាប់​០២​នាក់ របួសធ្ងន់​០២​នាក់ និង​ស្រាល​០១​នាក់​។

លោក​អធិការរង​ទទួលបន្ទុក​ការងារ​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក់​លេខ​តាកែវ 1E-9403 បើកបរ​ដោយ​ឈ្មោះ វ៉ា សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រគៀត ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មាន​អ្នក​រួម​ដំណើរ​ពី​ក្រោយ​ចំនួន​០២​នាក់​ទៀត ១-ឈ្មោះ ម៉ុ​ន សុភាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​ធ្ងន់។

២​-ឈ្មោះ នៅ មឿ​ក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួស​ស្រាល អ្នក​ទាំងពីរ​រស់នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែ បើកបរ​ម៉ូតូ​មកពី​ទិស​ខាងជើង លុះ​មកដល់​ចំណុច​កើតហេតុ ​បាន​បុក​គ្នា​ជា​មួយ​ម៉ូតូ​ម៉ាក​អ៊ែរ​ប្លែក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ តឹង សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បា​ខុង​ខាងលិច ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មាន​អ្នក​រួម​ដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ ឆន ចរិយា ភេទ​ស្រី អាយុ​២១​ឆ្នាំ របួសស្រាល រស់នៅ​ភូមិ​ចំការ​ដៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​បើកបរ​មកពី​ទិស​ខាងត្បូង។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ធ្វើការ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ព្រមទាំង​ធ្វើ​កំណត់​ហេតុ​ដកហូត​វត្ថុតាង​ទាំងពីរ​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕