លោក ​វណ្ណ​ ម៉ូលីវណ្ណ​ ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា ​ដែល​មាន​វ័យ​៩០​ឆ្នាំ​នោះ ​បាន​ធូរស្បើយ​វិញ​ហើយ​

លោក ​វណ្ណ​ ម៉ូលីវណ្ណ​ ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា ​ដែល​មាន​វ័យ​៩០​ឆ្នាំ​នោះ ​បាន​ធូរស្បើយ​វិញ​ហើយ​



សៀមរាប​ ៖ ​អ្នក​បើក​ឡាន​ឲ្យ ​លោក​ វណ្ណ ម៉ូលីវណ្ណ ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​នេះ​ថា​ លោក​ វណ្ណ ​ម៉ូលីវណ្ណ​ ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា​ ដែល​មាន​វ័យ​៩០​ឆ្នាំ​នោះ​មិន​មាន​បញ្ហា​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ទេ ​ដោយ​បាន​ចេញ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ​វិញ ​ហើយ​បច្ចុប្បន្ន​លោក​កំពុង​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​។​

​លោក ​ជួង ជឿន អ្នក​បើក​ឡាន ​និង​ជា​អ្នក​ថែទាំ ​លោក ​វណ្ណ​ ម៉ូលីវណ្ណ​ បាន​ឲ្យ​ដឹង​ថា ​លោក​ វណ្ណ​ម៉ូលីវណ្ណ​ មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ​ ដោយ​លោក​រាករូស​បន្តិចបន្តួច​ ហើយ​លោក​បាន​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​ ខណៈ​ស្ថាបត្យករ​ល្បីឈ្មោះ​រូប​នេះ​មាន​វ័យ​៩០​ឆ្នាំ​ទៅ​ហើយ​។​

​យ៉ាងណា​​ក្តី ​លោក ជួង ជឿន ឲ្យ​ដឹង​ថា​ លោក វណ្ណ ម៉ូលីវណ្ណ បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថៃ​រ៉ូយ៉ាល់​អង្គរ​ពីរ​ដង​នៅក្នុង​ខែមេសា​កន្លងមក ដោយ​ក្នុង​មួយ​លើក​ត្រូវ​សម្រាក​៥​ថ្ងៃ​។ ការ​ចេញពី​ពេទ្យ​វិញ​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី​៣០​ ខែមេសា ​បន្ទាប់ពី​គ្រូពេទ្យ​ប្រាប់​ថា ​លោក​មាន​សុខភាព​ធម្មតា​។​

​សូម​រំលឹក​ថា​ ​លោក ​វណ្ណ ​ម៉ូលីវណ្ណ​ គឺជា​ស្ថាបត្យករ​ល្បីឈ្មោះ​របស់​កម្ពុជា​តាំងពី​ជំនាន់​សម្ដេចឪ​ ព្រះ​បាទ​នរោត្តម សីហនុ មក​ម្ល៉េះ​។​ លោក​ បាន​រួម​ចំណែក​ជាច្រើន​ក្នុង​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​សម័យ​សង្គ​មរាស្ត្រនិយម​ក្នុង​អំឡុង​ឆ្នាំ ១៩៥៥ -១៩៧០​។ លោក​បាន​រចនា​គម្រោង​សាងសង់​អគារ​មួយចំនួន​ ដែ​ល​បន្សល់ទុក​មកដល់​សព្វថ្ងៃ​ដូចជា ១/ វិមាន​ឯករាជ ១៩៥៥ – ១៩៦០២/ សាលសន្និសិទ​ចតុមុខ​( ឆ្នាំ ៦០-៧០) ៣/ ពហុ​កីឡដ្ឋាន​អូឡាំពិក ១៩៦២៤​ ៤/សាល​មហោស្រព​ព្រះសុរាម្រិត ១៩៦២, ៥/​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៦/ វិទ្យាស្ថាន​ភាសា​បរទេស​, ៧/​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចាស់​, ៨/ វិមាន​រដ្ឋ​ចំការ​មន​, បុរី​១០០​ខ្នង​….​។ ​រហូតមកដល់​ឆ្នាំ​១៩៩៣ នៅក្នុង​ជួរ​រដ្ឋាភិបាល​លោក​មាន​ឋានៈ​ជា​ទេស​រដ្ឋ​មន្ត្រី​។ ​ដល់​ឆ្នាំ​២០០២ ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេចឪ​ព្រះបាទ​នរោត្តម សីហនុ តែងតាំង​ជា ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​។​

នៅក្នុង​គេហទំព័រ និង​បណ្ដាញ​សង្គម​នានា​ បាន​បួងសួង​ឲ្យ​ លោក​ វណ្ណ​ ម៉ូលីវណ្ណ ​ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ​របស់​កម្ពុជា​ ដែល​មាន​វ័យ​៩០​ឆ្នាំ​នោះ​មាន​សុខ​ភាពល្អ​ឆាប់​ជា​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​៕​

លោក ​វណ្ណ​ ម៉ូលីវណ្ណ​ ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា ​ដែល​មាន​វ័យ​៩០​ឆ្នាំ​នោះ ​បាន​ធូរស្បើយ​វិញ​ហើយ​