មេ CIA ប្តេជ្ញា​កម្ចាត់​មេក្រុម​ដែ​ស្ហ ក្នុង​ខួប​នៃ​ការស្លាប់​របស់ ប៊ីន​ឡា​ដិ​ន​

​ក្នុង​ខួប​លើក​ទី​៥​នៃ​ការស្លាប់​របស់​មេដឹកនាំ​ក្រុម អាល់​កៃ​ដា និង​ជា​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​អាគារ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​ឆ្នាំ ២០០១ លោក អូ​សា​ម៉ា ប៊ីន​ឡា​ដិ​ន ប្រមុខ​ស្ថាប័ន CIA លោក John Brennan ប្តេជ្ញា​កម្ចាត់​មេក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ លោក​ថា ការ​កម្ចាត់​មេដឹកនាំ​ក្រុម​នេះ​នឹងមាន​ឥទ្ធិពល​ធំធេង​ក្នុងការ​កម្ចាត់​ភេរវកម្ម​ពិភពលោក​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្នុង​ខួប​លើក​ទី ៥ នៃ​ការស្លាប់​របស់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ប្រមុខ​ភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) លោក  John Brennan បានប្រកាស​តាម​កម្ចាត់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ Abu Bakr al-Baghdadi​។ លោក​អះអាងថា គ្មាន​មន្ទិលសង្ស័យ​អ្វី​ទេ​ដែលថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នេះ​នឹងត្រូវ​កម្ចាត់​ចោល ហើយ​រចនាសម្ព័ន្ធ​ដឹកនាំ​ក្រុម​នេះ​នឹងត្រូវ​កម្ទេចចោល​ដែរ​នៅពេល​ខាងមុខ​។​

​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ចារកម្ម​នេះ​បាន​ពន្យល់ថា ការ​កម្ចាត់​មេដឹកនាំ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ខាងលើនេះ​នឹងមាន​ឥទ្ធិពល​ធំធេង​លើ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន​។ នេះ​ក៏​ដោយសារ​ការបាត់បង់​មេដឹកនាំ​នឹងធ្វើ​ឲ្យ​ក្រុម​ភេរវជន​នេះ​ចុះខ្សោយ​និង​បាត់បង់​កម្លាំង​ក្នុង​ការបន្ត​ប្រយុទ្ធ​។

​ជា​ឧទាហរណ៍​ជាក់ស្តែង ដូចជា​ក្រុម​អាល់​កៃ​ដា​។ ក្រុម​នេះ ធ្លាក់​ចុះខ្សោយ​នៅក្រោយ​ពេលដែល​មេខ្លោង​របស់ខ្លួន អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ត្រូវ​ទាហាន​អាមេរិក​សម្លាប់​ក្នុង​ប្រតិបត្តិការ​ពិសេស​ឆ្នាំ ២០១១ នោះ​។  

-រំលឹក​ការស្លាប់​របស់​ប៊ិន​ឡា​ដិ​ន​
​តាមពិតទៅ ប៊ី​ន​ឡា​ដិ​ន​បាន​ស្លាប់​ក្រោម​ស្នាដៃ​កងកម្លាំង​ពិសេស​របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវ​ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅ​វាយប្រហារ​ទីតាំង​មួយកន្លែង​ស្ថិតនៅ​ទីក្រុង​Abbottabad  ប្រទេស​ប៉ា​គី​ស្ថាន​។​

​នា​ថ្ងៃ ២​ខែឧសភា ឆ្នាំ ២០១១ កុម្ម៉ង់ដូរ​ពិសេស​របស់​អាមេរិក​មួ​យ​ក្រុម​បាន​បើក​ប្រតិបត្តិ​ការតាមប្រមាញ់​មេដឹកនាំ​ភេរវជន អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន នៅ​ទីក្រុង Abbottabad ។ ប្រតិបត្តិការ​ពិសេស  នោះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា Neptune spear operation ដែល​ត្រូវ​រៀបចំឡើង​ក្រោម​ការសម្រេចចិត្ត​ពិសេស​របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ក្រោយ​មានការ​ជជែក​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​មន្ត្រី​ចារកម្ម​និង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក ។

​ប្រតិបត្តិការ​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​ម៉ោង ១ ពាក់កណ្តាល​អា​ធ្រា​ត​ម៉ោង​ក្នុង​តំបន់​ឈានចូល​ថ្ងៃ ២ ឧសភា​។  យន្តហោះ​កងកម្លាំង​កុម្ម៉ង់ដូរ​ពីរ​គ្រឿង​នោះ​ហោះ​ចេញពី​មូលដ្ឋានទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​បាន​ទៅដល់​ទីតាំង ដែល​គេ​ជឿជាក់ថា ប៊ី​ន​ឡា​ដិ​ន កំពុង​លាក់ខ្លួន ។ យន្តហោះ​ទាំងនោះ​ចុះចត​យឺតៗ ខណៈដែល​រាត្រី​នោះ​គ្មាន​ព្រះ​ចន្ទ​និង​ស្ងប់ស្ងាត់​ល្អ​។ ប៉ុន្តែ​បញ្ហា​មួយ​កើតឡើង គឺ​កន្ទុយ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ប៉ះទង្គិច​នឹង​របង​នៃ​អាគារ​ដែល ប៊ី​ន​ឡា​ដិ​ន​ស្នាក់​នោះ​នោះ​ផង​។ 

​យ៉ាងណាមិញ​ប្រតិបត្តិការ​នៅតែ​បន្ត​ទៅមុខ ដោយ​កងក​ម្ម៉​ង់​ដូរ​ពិសេស​វាយឆ្មក់​ចូលក្នុង​អាគារ ហើយ​ប្រតិបត្តិការ​មាន​រយៈពេល ៤០ នាទី​។ ប៊ី​ន​ឡា​ដិ​ន​ត្រូវបាន​កងកម្លាំង​នោះ​សម្លាប់ ហើយ​មនុស្ស​៤​នាក់​ផ្សេងទៀត​រួមទាំង​កូនប្រុស​លោក​ផង​នោះ​ក៏ត្រូវ​បាន​គេ​សម្លាប់​ដែរ​។ ភ្លាមនោះ​សាកសព ប៊ី​ឡា​ដិ​ន​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅកាន់​អា​ហ្វ​ហ្កា​នី​ស្ថាន​ភ្លាម​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​កំណត់​អត្តសញ្ញាណ​។​ក្រោយ​បានទទួល​ព័ត៌មាន​ពី​កងកម្លាំង​ពិសេស លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​បង្អង់​យូរ​ឡើយ ហើយ​លោក​ចេញមុខ​ប្រកាស​ភ្លាមៗ​ពី​ជោគជ័យ​ដ៏​ធំធេង​នេះ​៕