លាក់​ឈើ​ប្រណីត​៤​កំណាត់ លាក់​មិន​ជិត

ខេត្តរតនគិរី ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ចំនួន​៤​កង់ ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង មានមុខ​កាត់​៧០, ៨០, ៩០​សង់ទីម៉ែត្រ មាន​ប្រវែង​៣​ទៅ​៤​ម៉ែត្រ​។

លោក​ជា កុរ​ណា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ បានឱ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ចុះ​ទៅ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា មាន​គេ​លាក់​ទុក​ឈើ​ប្រណីត​នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ២០១៦​។

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ ក៏​បាន​ចុះ​ទៅ​ប្រមូល​ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ចំការ​ស្វាយចន្ទី​នោះ​តែ​ម្តង នឹង​ដឹក​យក​មក​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​រក​ម្ចាស់​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ ។