ហួស​ហេតុ​! ចង់​ដឹង​ទេ ​ឆេះ​ផ្ទះនៅ​ព្រែកទាល់​ដោយ​សារ​អ្វី?

រាជធានី​ភ្នំពេញ ៖ បុរស​មាន​​វ័យ​​ជាង៤០​ឆ្នាំម្នាក់ ដោយសារ​ឥទ្ធិពល​សុរា​​ចូលខ្លួន​​ខ្លាំង រួច​សុំ​លុយ​ឪពុក​​បង្កើត និង​ប្រពន្ធទិញ​ស្រា​ហូប​​ទៀត​​មិន​បាន កើត​ចិត្ត​ខឹង​​បាន​​យក​សាំង​ចាក់​ដុត​សម្ភារ​​ក្នុងផ្ទះ ទើប​បង្ក​ជា​​អណ្តាតភ្លើង​ឆាបឆេះ​​លំនៅ​ឋាន​របស់​ខ្លួន ដែល​កំពុង​​​ជួល​​​​ស្នាក់​នៅអស់​​គ្មាន​សល់ ដែល​ហេតុការណ៍នេះ​ កាលពី​វេលា​ម៉ោង០១រសៀល​ថ្ងៃ​ទី​០៣ ​ឧសភា ​​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បុរស​ចិត្តខ្លាំង​​​ដុត​ផ្ទះ​ចោល​នេះ​ ឈ្មោះភ័ស្ស ភេទ​ប្រុស អាយុ​ជាង៤០​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូឌុប ​បច្ចុប្បន្ន​ ​ស្នាក់​នៅផ្ទះខាងលើ មាន​សមាជិក៦​នាក់ មានកូន​ប្រុស​៣​នាក់ ឪពុក​បង្កើត​ម្នាក់ និង​ប្តី​-ប្រពន្ធ​របស់​ខ្លួន ។

បើ​តាម​សាក្សី​នៅ​កន្លែង​​កើតហេតុ​​រៀបរាប់​​ថា ​​មុន​ពេល​​ហេតុការណ៍​នេះកើតឡើង គឺ​ដំបូង​ឡើយបុរស​ឈ្មោះ​ភ័ស្ស បាន​ផឹកស្រា​មក​ពី​​ក្រៅ​ស្រវឹង រួច​ក៏​បាន​មក​ផ្ទះ​សុំ​លុយ​ពី​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះនូ ឈួ​ន អាយុ​ជាង៦០​ឆ្នាំ តែ​ត្រូវ​បាន​ឪពុក​ប្រាប់​ថា គ្មាន​លុយ​ទេ ។

ក្រោយមក​ក៏​បាន​ទៅសុំ​ពី​ប្រពន្ធ​ម្តង ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ប្រាប់​ថា អត់​មាន​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​​​ខឹងសម្បារ​ បង្ក​ជា​ពាក្យ​សម្តី​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​ៗ​​ជាមួយ​ប្រពន្ធ និងឪពុក ។ លុះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង បុរស​ជា​ប្តីបាន​ដេញ​ប្រពន្ធ​កូន និងឪពុក​ចេញពីផ្ទះ ហើយ​រូប​ខ្លួនបាន​យក​សាំង​១​ដប​ធំ ស្មើ​នឹង​២​លី​ត្រ យក​មក​ដុត​សម្ភារនៅ​ក្នុងផ្ទះ បង្ក​​ឱ្យ​​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​សម្ភា​រប្រើប្រាស់​ក្នុងផ្ទះ និង​រាលដាល​ឆាបឆេះ​លំនៅ​ឋាន​ទាំងមូល​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ​​ ត្រូវប្រជា​ពលរដ្ឋបាន​រាយការណ៍​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍ផង​ដែរ ។ ទន្ទឹម​គ្នា​នឹង​នោះ ក្រុម​ជំនាញ​អគ្គិភ័យ រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យនៃ​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គិភ័យ​ក្រុងភ្នំពេញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​បាញ់​ទឹក​ទប់​សង្កាត់​អណ្តាតភ្លើង​។

ប្រភព​​ពី​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​ឱ្យ​ដឹង​ថា គ្រួសារ​ខាងលើ​នេះតែងតែ​ឈ្លោះ​ទាស់ទែង​គ្នា​ស្ទើរ​រៀងរាល់ថ្ងៃ ជា​ពិសេស​ពេល​ដែល​បុរស​ជា​ប្តី​ស្រវឹង​ខ្លាំង ។ អ្នកស្រុក​បន្ត​ថា បុរស​ជា​ប្តីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មិនសូវ​ឃើញ​ធ្វើ​អ្វី​នោះ​ទេ ក្រៅ​តែ​ពី​ដើរ​ផឹកស៊ី​នៅ​ខាងក្រៅ ហើយ​ត្រឡប់​មក​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ផ្ទះ ។