កញ្ញា ធី សុវណ្ណថា ប្រកាសធ្វើយុទ្ធនាការទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានគណបក្សសង្រ្គោះជាតិ

(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា យុវតីដែលតែងគាំទ្រប្តូរផ្តាច់ក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣នោះ បានប្រកាសធ្វើយុទ្ធនាការនានា ដើម្បីទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានគណបក្សសង្រ្គោះជាតិ។

កញ្ញា ធី សុវណ្ណាថា បានឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះថា រយៈពេល ៣ឆ្នាំកន្លងមកនេះ លោក កឹម សុខា ធ្លាប់បានសកម្មភាពជាច្រើន ដើម្បីកម្ចាយកញ្ញាឲ្យចេញពីគណបក្សសង្រ្គោះជាតិ។ ធី សុវណ្ណថា បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលពេក ៣ឆ្នាំហើយ គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស និងម្ចាស់ជំនួយ…។ គាត់បានចេញលិខិតបដិសេធខ្ញុំ ឲ្យអង្គរក្សបណ្តេញខ្ញុំចេញពីលើឆាកវេទិការ បណ្តេញខ្ញុំចេញពីក្បួនហែរបក្ស និងរារាំងសកម្មភាពខ្ញុំជាច្រើនទៀត»

សុវណ្ណថា បន្តថា «ខ្ញុំបានអត់ធ្មត់ ខាំមាត់ស្រក់ទឹកភ្នែកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនអាចទ្រាំឲ្យ កឹម សុខា មើលងាយជាន់ឈ្លីខ្ញុំទៀតទេ ខ្ញុំនឹងធ្វើយុទ្ធនាការទាមទារទម្លាក់លោក កឹម សុខាឆាប់ៗនេះ…»

សូមបញ្ជាក់ថា បច្ចុប្បន្នកញ្ញា សុវណ្ណថា ក៏បាននិងកំពុងប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍កញ្ញា ដោយទាមទារសំណងប្រមាណ ១លានដុល្លារផងដែរ។ សំណុំរឿងបរិហារកេរ្តិ៍នេះ ព្រះរាជអាជ្ញាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានកោះហៅលោក កឹម សុខា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។

ធី សុវណ្ណថា ត្រូវបានគេដឹងថា ធ្លាប់បានធ្វើសកម្មភាព និងយុទ្ធនាការយ៉ាងសស្រាក់សស្រាំកាលពីឆ្នាំ២០១៣ ក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្រ្គោះជាតិ ហើយធ្លាប់បានរិះគន់រាជរដ្ឋាភិបាលកម្ពុជា មិនសំចៃមាត់ផងដែរ៕

កញ្ញា ធី សុវណ្ណថា ប្រកាសធ្វើយុទ្ធនាការទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានគណបក្សសង្រ្គោះជាតិ

ប្រភពៈ freshnewsasia