មុន​នេះ​បន្តិច រថយន្ត​ដឹក​ទឹក​ផ្លែ​ឈើ​ម៉ា​កតា​តា​ក្រឡាប់​សង្កត់​ស្ត្រី​ម្នាក់​ស្លាប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​ក្រឡាប់​សង្កត់​លើ ។

ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ជៀប ណា​រី អាយុ​២៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មុន​ពេល​កើតហេតុ​រថយន្ត​ទ្រុង​ម៉ា​កបុង​ហ្គោ ៣ ព៌​ណ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD 8748 ដឹក​ទឹក​ផ្លែ​ឈើ​ម៉ា​កតា​តា បាន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​គ្រោះថ្នាក់​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ បណ្តាល​ឲ្យ​រេ​ចង្កូត​ចុះឡើង​ៗ រួច​ក៍​ក្រឡាប់​សង្កត់​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ជិះ​កង់​តាម​ផ្លូវស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕