ចោរ​កាច់ក​ម៉ូតូ​អស់លក្ខណ៍ ជាប់អន្ទាក់​សមត្ថកិច្ច

ខេត្តកណ្តាល ៖ ចោរ​កាច់ក​ម៉ូតូ​ម្នាក់​អស់លក្ខណ៍​ជាប់អន្ទាក់​នគរបាល​ស្រុក​កៀនស្វាយ នៅ​ថ្ងៃ​ទ​០២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៤០​នាទី ត្រង់​ចំណុច​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ខុន ភា​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ធនាគារ​បៃតង មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ កា សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍ ខេ​ត្ក​កំពង់ធំ មុខរបរ​មិន​ពិតប្រាកដ​។ ម៉ូតូ​ដែល​ជនសង្ស័យ កាច់ក​នោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​1CK-8512 ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​វិញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​ផ្ទះ​រួច​ក៏​ចូល​ទៅ​ធ្វើ​ម្ហូប​ក្នុង​ផ្ទះបាយ​ប្រហែលជា​៥​នាទី ក៍​ឮ​សំឡេង​ម៉ូតូ​បញ្ឆេះ ពេល​នោះ​ជន​រង​គ្រោះ​បាន​ចេញ​មក​មើលឃើញ​ជនល្មើស​ជិះ​ម៉ូតូ​ចេញ ភ្លាម​ៗ​នោះ​ក៏​ស្រែ​កថា​ចោរលួច​កាច់ក​ម៉ូតូ ជាមួយ​គ្នា​នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ជួយ​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​ចរាចរ​នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជួយ​ឃាត់​ជនល្មើស​បាន​រួម​ទាំង​ង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕