បក្ស​ប្រឆាំង​ថ្កោលទោស​ចំពោះ​ការ​គំរាម​កំហែង​លើ​បក្ស​ប្រឆាំង​និង​មន្ត្រី​សិទ្ធិ​មនុស្ស

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣ ឧសភា ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​គំរាម​កំហែង និង​យាយី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ការ​ថ្កោលទោស​នេះ ដោយសារ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ការ​ប្រើ​អំណាច​ដោយ​រំលោភ​បំពាន​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​មេ​ឃុំ​គណបក្ស សម រង្ស៊ី មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប។

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា សកម្មភាព​តក់ក្រហល់ និង​មិន​សម​ហេតុផល​ទាំង​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ល្បែង​នយោបាយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​សម្ដែង ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​នាំ​មក​នូវ​ភាព​ភ័យ​ខ្លាច និង​យាយី​រំខាន​ដល់​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។