ពលរដ្ឋ​ចោទប្រកាន់​ឈ្មួញ​ជីក​ដី​ក្នុង​បឹង​ត្បូង​គ្មាន​ច្បាប់​អនុញ្ញាត

ពលរដ្ឋ​ចោទប្រកាន់​ឈ្មួញ​ជីក​ដី​ក្នុង​បឹង​ត្បូង​គ្មាន​ច្បាប់​អនុញ្ញាត



កណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ចោទប្រកាន់​ឈ្មួញ​ឈ្មោះ ស្ងួន ម៉េង ថា លោក ហ៊ាន​ធ្វើ​បែប​នេះ ដោយសារ​អាងខ្នង​ភរិយា​ជា​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​សាលាស្រុក ខ្សាច់កណ្ដាល បាន​យក​គ្រឿងចក្រ​មក​ជីកដី​បឹង​លក់ ដោយ​មិន​ចាំ​បាច់​មាន​ច្បាប់​អនុញ្ញាត។

ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ព្រែកតាទែន​ឲ្យ​ដឹង​ថា កន្លងមក​ពួកគាត់​បាន​នាំ​គ្នា​ផ្តិត​ស្នាម​មេដៃ ដោយមាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក ដោយ​បាន​ប្រគល់​ដី​បឹង​នោះ​ទៅ​ឲ្យ​ឈ្មួញ​ឈ្មោះ ប៉ូច សល ដើម្បី​ជីក​ធ្វើ​អាជីវកម្ម​ដី​ក្នុង​បឹង​លក់​ក្នុង​គម្រោង​ស្តា​បឹង និង​ជា​ថ្នូរ​ទៅ​នឹង​ការ​កសាង​ផ្លូវ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេងៗ​នៅក្នុង​ភូមិ​ឃុំ។

លុះ​ពេល​ឃើញ​គេ​ជីក​ដូច្នេះ​ស្រាប់តែ​លោក ស្ងួន ម៉េង ដែ​មាន​ភរិយា​ជា​ប្រធាន​ការិយាល័យ​កិច្ចការនារី ស្រុក​ខ្សាច់កណ្តាល បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង ជីក​យក​អាចម៍​ដី​ក្នុង​បឹង​ត្បូង​លក់​យ៉ាង​អានាធិបតេយ្យ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។

លើស​ពី​នេះ​ឈ្មោះ ស្ងួន ម៉េង បាន​ជីក​ផ្តាច់​ផ្លូវ​មិន​ឲ្យ​ឈ្មួញ​ដែល​រកស៊ី​ជីកដី​មាន​ច្បាប់ បាន​បើកបរ ព្រមទាំង​ជីក​ផ្តាច់​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ទៀត​ផង ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បា ធ្វើដំណើរ​ក៏​មិនកើត ជាហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់ និង​ស្នើ​ឲ្យ​អាជ្ញាធរ ខេត្ត មាន​វិធាន​ការ​បិទ​អាជីវកម្ម​គ្មាន​ច្បាប់​នេះ​តែ​ម្តង។ យ៉ាងណាក៏ដោយ​លោក ស្ងួន ម៉េង បាន​ផ្តល់​បទ​សម្ភាស​ន៏​តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​អាជីវកម្ម មិន​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ខេត្ត​ពិតមែន ប៉ុន្តែ​លោក​ទទួល​បានការ​អនុញ្ញាត​ច្បាប់​ផ្ទាល់មាត់ ពី លោក ហួត ហាក់ មន្ត្រី រ៉ែ និង​ថាមពល ស្រុក ប្រចាំ​នៅ​ស្រុក​ខ្សាច់​កណ្តាល។

ហើយ​មក​ទល់​ពេល​នេះ លោក​បាន​កំពុង​ដំណើរការ​សុំច្បាប់​អនុញ្ញាត ធ្វើ​អាជីវកម្ម​ជីក​ដី​លក់ ពី​សាលា​ខេត្តកណ្តាល​ផង​ដែរ​គ្រាន់តែ​ថា ច្បាប់​នោះ​មិនទាន់​ធ្លាក់​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ករណី​នេះ លោក សឹង្ហ គី​លីន អភិបាលរង​ស្រុក​ខ្សាច់​កណ្តាល មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ឈ្មួញ​ឈ្មោះ ស្ងួន ម៉េង នេះ​ពិតជា​បាន​ធ្វើ​អាជីវកម្ម​ជីក​អាចម៍​ដី​ក្នុង​បឹង​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពិតមែន​។ លោ​កថា​ដោយសារ​រឿង​ចម្រូង ចម្រាស់​ជីក​ផ្តាច់​ផ្លូវ​មិន​ឲ្យ​គេ​ធ្វើដំណើរ កាល​ពី​ពេល​ថ្មី​នេះ​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង ធ្វើការ​ហាមឃាត់​អាជីវកម្ម​អត់​ច្បាប់​នេះ​ម្តង​រួច​ទៅ​ហើយ ហើយ​ថាបើ​នៅតែ​មិន​រាងចាល និង​មិន​ព្រម​ធ្វើ​ច្បាប់​ទេ​នោះ លោក​នឹង​ឃាត់​រថយន្ត​របស់​ឈ្មួញ​ឈ្មោះ ស្ងួន ម៉េង មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​ឡើយ៕