របប​យោធា​ថៃ ទាត់​ចោលកា​រិះគន់​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់

​របប​យោធា​ថៃ​ដែល​កំពុង​កាន់អំណាច បាន​ទាត់ចោល​ការអំពាវនាវ​ របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ​-​អូ​ចា បើក​ចិត្ត​ទូលាយ​សម្រាប់​ការរិះគន់​។ លោកស្រី យី​ង​ឡាក់ បាន​អំពាវនាវ​ដូចនេះ តាមរយៈ​សារ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី នៅ​ថ្ងៃទី​១ ខែឧសភា​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋាភិបាលយោធា​ថៃ បាន​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ស្នើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​-​អូ​ចា ទទួលយក​មតិ​រិះគន់​លើ​រូបលោក​។ របប​យោធា​ថៃ​ ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ទាត់ចោល​ការលើកឡើង​របស់លោក​ស្រី ដោយ​អះអាងថា មាន​ក្រុមខ្លះ​បាន​ឆ្លង​បន្ទាត់​ក្រហម​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន ទាក់ទិន​នឹង​ការធ្វើប្រជាមតិ​។​

​ការឆ្លើយតប​របស់រ​បប​យោធា​ថៃ​ កើតឡើងបន្ទាប់ពី​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួនថា លោក​ស្រី​ចង់​ឲ្យ​លោក ប្រា​យុទ្ធ មានចិត្ត​ទូលាយ ​ចំពោះ​មតិ​វិជ្ជមាន និង​អវិជ្ជមាន​ទាំងអស់​។ លោកស្រី​អំពាវនាវ​ដូចនេះ នៅ​ខណៈដែល​មនុស្ស​៨​នាក់​ត្រូវបាន​ចាប់ខ្លួន ​ទាក់ទិន​នឹង​ការរិះគន់​លោក ប្រា​យុទ្ធ និង​របប​ដឹកនាំ​យោធា ​លើ​ប្រព័ន្ធ​អន​ឡាញ​នៅ​សប្ដាហ៍​មុន​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) លោក Winthai Suwaree បញ្ជាក់ថា ថ្នាក់លើ​របស់លោក គឺ​តែងតែ​យកចិត្តទុកដាក់ ​លើ​ការផ្ដល់​មតិ​នានា ហើយ​មធ្យោបាយ​ទទួល​ព័ត៌មានត្រូវបាន​ពង្រាយ​នៅ​ទូទាំងប្រទេស ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល ​ទទួល​ព័ត៌មាន​ពី​ប្រជាជន​។ លោក Winthai បន្តថាភាគច្រើន​នៃ​ព័ត៌មាន ​ដែល​ទទួលបាន​ពី​ប្រភព​ទាំងនេះ គឺមាន​ប្រយោជន៍​។​

​អ្នកនាំពាក្យ​រូបនេះ​បន្តទៀតថា ក្រុមខ្លះ ​ឬ​បុគ្គល​មួយចំនួន បាន​ព្យាយាម​បញ្ចេញមតិ​របស់​ពួកគេ​ ក្រៅពី​អ្វីដែល​បានកំណត់ ដោយ​ពួកគេ​មានគំនិត​លាក់បាំង​ពីក្រោយ​។ នេះ​បើ​យោងតាម​កាសែត Bangkok Post​។

​សូម​រម្លឹកថា អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ដែល​៨​នាក់​ចាប់ខ្លួន​នៅ​ក្រុង​បាងកក​ បន្ទាប់ពី​ពួកគេ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាលយោធា និង​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​។ មនុស្ស​ទាំង​១០​នាក់​នោះ ​ត្រូវបាន​ចោទប្រកាន់ថា ល្មើស​នឹង​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ការឃាត់ខ្លួន​មនុស្ស​ទាំង​១០​នាក់ គឺ​ធ្វើតាម​ប្រការ​៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ថៃ​។​

​នៅក្រោយ​ការចាប់ខ្លួន នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ថែមទាំង​បង្ហាញ​ការគាំទ្រ​របស់លោក ​ចំពោះ​ការចាប់ខ្លួន​មនុស្ស​១០​នាក់ ដែល​បាន​បង្ហោះ​សារ​រិះគន់​លើ​បណ្ដាញ​អន​ឡាញ​។ ឆ្លើយតប​នឹ​ការរិះគន់​លើ​ការចាប់ខ្លួន លោក ប្រា​យុទ្ធ បកស្រាយ​ថា ប្រសិនបើ​ពួកគេ​មិនមាន​កំហុស ពួកគេ​មិនត្រូវ​ចាប់ខ្លួន​នោះទេ​៕