អ្នក​អភិរក្ស​ខ្មែរ និង អ៊ីតាលី បញ្ចប់​ការជួសជុល​កាំជណ្តើរ​កសិណ​អង្គរ​

6 Videos


ក្រុមអ្នកអភិរក្សនៃអាជ្ញាធរជាតិអប្សរា និង ក្រុមការងារ IGeS នៃប្រទេសអ៊ីតាលី បានបញ្ចប់ការជួសជុលកាំជណ្តើរកសិណប្រាសាទអង្គរវត្តផ្នែកខាងលិចស្លាប ខាងជើងកាំជណ្តើរ កសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រ ដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំនិងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះត្រូវបានអាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ ។

អ្នក​អភិរក្ស​ខ្មែរ និង អ៊ីតាលី បញ្ចប់​ការជួសជុល​កាំជណ្តើរ​កសិណ​អង្គរ​

លោក Valter Maria Santoro ប្រធានគម្រោង IGeS បានឲ្យដឹងថាការជួសជុលជណ្តើរកសិណនេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ហើយបញ្ចប់រួចរាល់នៅពេលនេះ លើប្រវែង ៨០ ម៉ែត្រ ដោយថវិការរបស់រដ្ឋាភិបាលអ៊ីតាលីផងនិងថវិការបស់អាជ្ញាធរជាតិអប្សរាផង។ មុននឹងជួសជុលយើងក៏បានសិក្សាពីផលប៉ះពាល់ដែលធ្វើឱ្យសំណង់រលំស្រុតស្រទាប់ដី កម្រិតទឹករួមទាំងរចនាសម្ព័ន្ធកសិណនេះផងដើម្បីរក្សាទ្រង់ទ្រាយដើម ដោយមានអ្នកជំនាញខ្មែរនិងអ៊ីតាលីធ្វើការរួមគ្នា។ចំពោះការជួសជុលបើប្រើបច្ចេកទេសបុរាណតែមួយគត់ ក៏មិនអាចធានា សុវត្ថិភាពនិងភាពយូរអង្វែងនៃសំណង់បានដែរដូច្នេះទាមទារឱ្យប្រើបច្ចេកទេសទំនើប និង សម្ភារៈថ្មី (ថ្មភក់ ថ្មបាយក្រៀមថ្មី និងការបិទភ្ជិត) ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យមាន អាយុកាលនិងស្ថេរភាពបានយូរ។ចុងក្រោយលោកក៏សម្តែងចំណាប់អារម្មណ៍ថានៅកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរមានអ្នកជំនាញគ្រប់គ្រាន់ថែមទាំងមានសមត្ថភាពអាចដឹកនាំធ្វើការជួសជុលប្រាសាទបាន ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាបានក្លាយជាស្ថាប័នជាតិដ៏លេចធ្លោមួយដែលមានថវិកានិងអ្នកជំនាញប្រកបដោយប្រសិទ្ធភាពគ្រាន់តែនៅខ្វះខាតបច្ចេកទេស ស៊ីជម្រៅបន្តិចបន្តួចប៉ុណ្ណោះដែលស្ថាប័នអន្តរជាតិក៏កំពុងតែជួយផងដែរ។

អ្នក​អភិរក្ស​ខ្មែរ និង អ៊ីតាលី បញ្ចប់​ការជួសជុល​កាំជណ្តើរ​កសិណ​អង្គរ​

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ IGeS ទាំងបច្ចុប្បន្ននិងកន្លង មកក្រុមការងារនេះបានធ្វើការងារជាច្រើនដើម្បីសង្គ្រោះ ប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរហើយអាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាង ជិតស្និទ្ធ ជាមួយស្ថាប័ននេះដែរ ទាំងថវិកានិងបច្ចេកទេសគ្រប់គម្រោង។

អ្នក​អភិរក្ស​ខ្មែរ និង អ៊ីតាលី បញ្ចប់​ការជួសជុល​កាំជណ្តើរ​កសិណ​អង្គរ​

ក្រៅពីនោះក៏បានជួយសម្រួលបែបបទរដ្ឋបាល ការស្វែងរកសម្ភារនិងផ្តល់អ្នកជំនាញផ្នែកស្រាវជ្រាវមើលស្រទាប់ដីដែល ចាក់បង្គរនៅលើច្រាំងកសិណ អ្នកសម្រង់ប្លង់ ដើម្បីឈ្វេងយល់អំពីរចនាសម្ពន្ធបុរាណ ឱ្យជួស ជុសទៅតាមទ្រង់ទ្រាយបុរាណនិងរក្សាលក្ខណៈដើមនៃសំណង់បុរាណបានហើយទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរាក៏ជួយគម្រោង IGeS ក្នុងការផ្តល់យោបល់ទាក់ទងនឹងរចនាសម្ព័ន្ធណាមួយនៅអង្គរវត្ត ដែលមានអាទិភាពនិងសារប្រយោជន៍ គួរជួសជុលនិងអភិរក្សមុនគេផងដែរ ។

អ្នក​អភិរក្ស​ខ្មែរ និង អ៊ីតាលី បញ្ចប់​ការជួសជុល​កាំជណ្តើរ​កសិណ​អង្គរ​

ក្រុមការងារ IGeS បានចូលមកធ្វើការនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ដោយបានជួសជុលប្រាសាទប្រែរូបមុនគេ បន្ទាប់មកក៏បានបំពេញបេសកម្មការងារយ៉ាងច្រើននៅប្រាសាទអង្គរវត្តដូចជាជួសជុលក្តារបែនព្រះពន្លាខាងលិចនៅរួតបាកានកាំជណ្តើរកសិណមុខលោកតារាជប្រវែង ៦០ ម៉ែត្រ ។

ដោយឡែកគម្រោងទៅអនាគតនឹងជួសជុលជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងត្បូងចំនួន ៨០ ម៉ែត្រទៀតផងដែរ។ ក្រៅពីនោះ IGeS ក៏បានបណ្តុះបណ្តាលអ្នកជំនាញនិងកម្មករខ្មែរឱ្យមានសមត្ថភាពច្បាស់លាស់អាចធ្វើការនៅក្នុងការដ្ឋានបានយ៉ាងគួរឱ្យកោតសរសើរទៀតផង៕ សុថាត់