សម្តេច​តេជោ​​​អំពាវនាវ​ដល់​កាកបាទក្រហម​កម្ពុជា​ឲ្យ​ប្រើប្រាស់​ថវិកា​សប្បុរសជន​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក

សម្តេច​តេជោ​​​អំពាវនាវ​ដល់​កាកបាទក្រហម​កម្ពុជា​ឲ្យ​ប្រើប្រាស់​ថវិកា​សប្បុរសជន​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក



ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​កាកបាទក្រហម​កម្ពុជា​ ឲ្យ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​សប្បុរសជន​ ដែល​នឹង​ចូលរួម​នៅ​ក្នុង​ទិវា​កាកបាទក្រហម ៨ ឧសភា និង​សាខា​កាក បាទ​ក្រហម​នៅ​តាម​បណ្តា​ខេត្ត​ ដែល​បាន​ធ្វើជា​បន្តបន្ទាប់​រួច​ហើយ​នោះ ​ទៅ​រក​ការ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក តាមរយៈ​ចុះ​ជួយ​ជីក​ស្រះ អណ្តូងទឹក នៅតាម​ខេត្ត និង​កន្លែង​ដែល​ខ្វះ​ប្រភព​ទឹក។
ជាមួយ​នេះ សម្តេច​តេ​ជោ​ក៏បាន​ជំរុញ​ឲ្យ​ថ្នាក់ជាតិ​ត្រូវខិតខំ​ពិនិត្យ​លើ​ការ​ជីក​ស្រះ​ត្រពាំង និង អណ្តូងទឹក នៅ​តំបន់ ដែល​ខ្វះខាត​ទឹក។ សម្តេច​បាន​លើកឡើងថា ​បញ្ហា​គ្រោះ​មហន្តរាយ​វា​ជា​រឿង​ពិភពលោក​ទាំងមូល​មិនមែន​តែ​កម្ពុជា​នោះទេ។

សម្តេច​តេ​ជោ​បានធ្វើការ​អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់ “​គោលនយោបាយ​ជាតិ​ប្រជាជន​ ២០១៦-២០៣០” នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​គ្រោះមហន្តរាយ​នៅ​ឆ្នាំនេះ​ថា​ ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​រង្វង់​រយៈពេល ១០០ ឆ្នាំ ។

សម្តេច​បាន​ចាត់​ទុក​គ្រោះ​មហន្តរាយ​ដ៏​ធំ​នេះ​ថា​គឺជា​មេរៀន​ពិសោធន៍​មួយ​សម្រាប់​យើង ក្នុងការ​រៀបចំ​នូវ​ផែនការ​ដើម្បី​បញ្ចៀស​នូវ​គ្រោះ​ខ្វះខាត​ទឹក​នៅ​ឆ្នាំក្រោយ។ ព្រោះ​គ្រោះ​ខ្វះ​ទឹក​នៅ​ឆ្នាំនេះ វា​ប្រៀប ដូច​ទឹកជំនន់​សហសវត្សរ៍ នៅ​ឆ្នាំ ២០០០ ដែល​ពេលនោះ​ជា​មេរៀន​មួយ​ឲ្យ​យើង​ធ្វើ​ការលើក​ផ្លូវ ធ្វើ​ស្ពាន ធ្វើ​ប្រព័ន្ធ​លូ និង​ការសាងសង់​សំណង់​នានា​ដោយ​គិត​ទៅតាម​កម្ពស់​ទឹក​នៅពេលនោះ​ដើម្បី​បញ្ចៀស​នូវ ការលិចលង់​នៅ​ឆ្នាំក្រោយៗ​ទៀត។ ចំណែក​ឆ្នាំនេះ​ក៏​ជា​មេរៀន​មួយ​សម្រេច​យើង​ក្នុង​ការជីក​ស្រះ​ត្រពាំង និង អណ្តូងទឹក​នៅ​តំបន់​ដែល​ខ្វះ​ទឹក និង ស្តារ​ស្រះ អណ្តូងទឹក​ឲ្យ​បាន​ជ្រៅ ដល់​ក្រោម​ដង្ហើមទឹក​ដែល​យើង​ជួបប្រទះ​នៅ​ឆ្នាំនេះ។ សម្តេច​បាន​បន្តថា ​ការ​រីង​គោក​នៃ​អណ្តូងទឹក​ចំនួន​ជាង ៦០០ នៅ​ខេត្តស្វាយរៀង​គឺជា​ការ​ជាក់ស្តែង​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើការ​ស្តារអណ្តូង​ទឹក​ទាំង​នោះ​ឲ្យ​នៅក្រោម​ដង្ហើមទឹក​ក្នុងឆ្នាំនេះ ដើម្បី​ឆ្នាំក្រោយ​កុំ​ឲ្យ​មានការ​រីង​រាក់​បន្តទៀត។

​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​អំពាវនាវ​ឲ្យ​មានការ​បន្ត​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​បន្តទៀត បើទោះបីថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​តែ​យុទ្ធនាការ​នេះ​នៅតែ​បន្តៗ រហូត​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទើប​អាច​បន្ធូរដៃ​បាន។

​ ​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​កាកបាទក្រហមកម្ពុជា​ឲ្យ​ចាប់ផ្តើម​ប្រើប្រាស់​ថវិកា​សប្បុរសជន​ ដែល​នឹង​ចូលរួម​នៅ​ក្នុង​ទិវា​កាកបាទក្រហម ៨ ឧសភា និង សាខា​កាក បាទ​ក្រហម​នៅតាម​បណ្តា​ខេត្ត​ដែល​បាន​ធ្វើជា​បន្តបន្ទាប់​រួចហើយនោះ​ទៅរក​ការជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក តាមរយៈ​ចុះជួយ​ជីក​ស្រះ អណ្តូងទឹក នៅតាម​ខេត្ត និង កន្លែង​ដែល​ខ្វះ​ប្រភពទឹក។ ជាមួយនេះ សម្តេច​តេ​ជោ​ក៏បាន​ជំរុញ​ឲ្យ​ថ្នាក់ជាតិ​ត្រូវខិតខំ​ពិនិត្យ​លើ​ការជីក​ស្រះ​ត្រពាំង និង អណ្តូងទឹក នៅ​តំបន់ ដែល​ខ្វះខាត​ទឹក។ សម្តេច​បាន​លើកឡើងថា​បញ្ហា​គ្រោះមហន្តរាយ​វា​ជា​រឿង​ពិភពលោក​ទាំងមូល​មិនមែន​តែ​កម្ពុជា​នោះទេ។

ជាថ្មី​ម្តងទៀត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចេញ​បញ្ជា​ដាច់​ណាត់​មិន​ឲ្យ​អភិបាលខេត្ត​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ ត្រូវ​នៅ​ប្រចាំការ​ដើម្បី​ចាត់ចែង​កិច្ចការ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ប្រជាជន​។ សម្តេច​បាន​ចាត់ទុក​ថា​ នេះ​មិន​មែនជា​រឿង​តូចតាច​ទេ ដូចនេះ​ស្ថាប័ន​ណា​ដែលមាន​រៀបចំ​កិច្ចប្រជុំ​នៅ​រាជធានី​ភ្នំពេញ​សុំ​ផ្អាក​សិន តែ​ប្រសិន​ជាមាន​អាច​ត្រឹម​អនុ​ខេត្ត ឬ ក៏​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អាច​ឡើង​មក​បាន តែ​ចៅហ្វាយខេត្ត​គឺ​ហាម​ដាច់ខាត ប្រសិនជា​សម្តេច​ឃើញ​នៅ​ភ្នំពេញ​លើក​ក្រោយ​ទៀត​គឺ​និង​ទទួលពិន័យ​ហើយ។ ចៅហ្វាយខេត្ត​អាច​ឡើងមក​បាន​ករណី​មាន​បញ្ជា​ពីស​ម្តេច៕
​ ​ ​

សម្តេច​តេជោ​​​អំពាវនាវ​ដល់​កាកបាទក្រហម​កម្ពុជា​ឲ្យ​ប្រើប្រាស់​ថវិកា​សប្បុរសជន​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក